(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងអូតាវ៉ា គឺជាការទទួលខុសត្រូវរបស់ភាគីកាណាដា ខណៈការលើកឡើងនេះ គឺកើតមានតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជួបហើយនិយាយរិះគន់នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅចំៗមុខផ្ទាល់ ជុំវិញការបែកធ្លាយខ្លឹមសារ នៃកិច្ចពិភាក្សាលក្ខណៈឯកជន កំលុងជំនួបរយៈពេលខ្លីក្រៅផ្លូវការ រវាងមេដឹកនាំទាំងពីរ នៅក្រៅកិច្ចប្រជុំ G20។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) ក៏បានបន្ថែមទៀតថា ទីក្រុងប៉េកាំងគាំទ្រការផ្លាស់ប្តូរមតិគ្នាក្នុងលក្ខណៈត្រង់ៗ ដរាបណាវាធ្វើឡើងដោយឈរលើគោលការណ៍ស្មើភាព ហើយចិនសង្ឃឹមថាកាណាដានឹងចាត់សកម្មភាព ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ផ្សេងៗ ដែលនឹងសំដៅទៅលើកកម្ពស់ចំណងទាក់ទងទ្វេភាគី។

កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ស៉ី ជិនពីង ត្រូវបានក្រុមអ្នកសារព័ត៌មានមើលឃើញ នៅឈរនិយាយទល់មុខជាមួយ លោក ទ្រូដូ យ៉ាងដូច្នេះថា «អ្វីដែល​យើងបានពិភាក្សាគ្នា គឺបានបែកធ្លាយទៅដល់ប្រព័ន្ធផ្សព្វផ្សាយ។ វាគឺជារឿងមិនសមរម្យទេ ហើយវាមិនមែនជារបៀបដែល​កិច្ចសន្ទនា ត្រូវបានរៀបចំឡើងនោះឡើយ»

ពេលនោះ លោកនាយករដ្ឋមន្រ្តីកាណាដា បានឆ្លើយតបថា «នៅកាណាដា យើងជឿជាក់ក្នុងកិច្ចសន្ទនាសេរី បើកចំហ និងត្រង់ៗ ហើយវាគឺជាអ្វីដែលយើងនឹងបន្តធ្វើ។ យើងនឹងបន្តព្យាយាមស្វែងរកការរួមសហការគ្នា ប្រកបដោយភាពស្ថាបនា ប៉ុន្តែនឹងមាន​កន្លែងខ្លះ ដែលពួកយើងនឹងត្រូវខ្វែងគំនិតគ្នា»។

បន្ទាប់មកលោកប្រធានាធិបតីចិន បានឆ្លើយទៅវិញថា «វាប្រសើរណាស់ ប៉ុន្តែចូរបង្កើតលក្ខខណ្ឌឱ្យច្បាស់លាស់ជាមុនសិន» ហើយមេដឹកនាំទាំងពីរ ក៏បានញញឹមរួចចាប់ដៃគ្នា ដើម្បីចែកផ្លូវរៀងៗខ្លួន។ ពាក់ព័ន្ធនឹងការជួបតទល់គ្នានោះ លោកស្រី ម៉ាវ បាននិយាយថា វាមិនមែនជាការគំរាម ឬការស្តីបន្ទោសអ្វីឡើយ ដោយភាគីទាំងពីរគ្រាន់តែបង្ហាញពី គោលជំហររៀងៗខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទិដ្ឋភាពខាងលើបានរំលេចឱ្យឃើញ ពីភាពតានតឹងរវាងចិននិងកាណាដា ដែលស្ថិតនៅកម្រិតខ្ពស់ ចាប់តាំងពីការ​ចាប់ខ្លួន នាយកផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) កាលពីឆ្នាំ២០១៨ ហើយនិងការចាប់ខ្លួន ជនជាតិកាណាដា២នាក់ ពីបទចារកម្មនាពេលក្រោយ បើទោះបីជាអ្នកទាំង៣ ត្រូវបានដោះលែងនិងត្រឡប់​ទៅកាន់ ប្រទេសរៀងៗខ្លួនវិញក៏ដោយ៕