(មូស្គូ)៖ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៉ី គ្រោងនឹងដាក់លិខិតមួយទៅកាន់ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក ឌីមីទ្រី ហ្រ្គីហ្គោរិនកូ (Dmitry Grigorenko) ដើម្បីស្នើឲ្យបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញធំៗ និងប្រធានសាជីវកម្មរដ្ឋដែលបានចាកចេញពីប្រទេស ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លិខិតនោះមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងពេលដែលលោកខាងលិច កំពុងដាក់បន្ទុកលើក្រុមអ្នកមាន ឬបុគ្គលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៉ី ឲ្យទទួលរងនូវទណ្ឌកម្ម តាមរយៈការរឹបអូស និងបង្កកទ្រព្យសម្បត្តិ យើងជឿជាក់ថា វាមានភាពចាំបាច់ដែលត្រូវពិចារណាក្នុងការអនុវត្តវិធានការស្រដៀងគ្នានេះ ចំពោះបុគ្គលដែលចាកចេញពីប្រទេស ក្រោយថ្ងៃទី២៤ ខែកុម្ភៈ ហើយលើសពីនេះទៅទៀត គឺចំពោះបុគ្គលដែលបោះបង់សញ្ជាតិខ្លួនឯង»

គួរបញ្ជាក់ថា កាលពីដើមខែនេះ មហាសេដ្ឋីជនជាតិរុស្ស៉ី លោក អូឡេក ទីនកូវ បានសម្រេចចិត្តបោះបង់សញ្ជាតិរបស់ខ្លួន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងបានអំពាវនាវដល់ពាណិជ្ជកររុស្ស៊ីដ៏ទៃទៀត ឲ្យធ្វើតាមរូបលោក ផងដែរ៕