(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៉ីនតោន បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ភាពតានតឹងជុំវិញកោះតៃវ៉ាន់ នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា នៅពេលអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ជួបជាមួយ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស​ ចេអ (Ferdinand Marcos Jr) នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

​ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក ចូសេ ម៉ានូអែល រ៉ូមូអាល់ឌែស (Jose Manuel Romualdez) បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំប្រាកដក្នុងចិត្តថា ថ្នាក់ដឹកនាំទាំងពីរនឹងជជែកគ្នាអំពីស្ថានការណ៍តៃវ៉ាន់» ហើយលោកបានបន្ថែមទៀតថា ហ្វីលីពីនមានបំណងចង់ដើរតួនាទីមួយ ក្នុងការជួយបង្កើតលក្ខខណ្ឌ សម្រាប់ការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព រវាងសហរដ្ឋអាមេរិកនិងចិន។

លោក រ៉ូមូអាល់ឌែស បានបន្តថា «អ្វីក៏ដោយដែលកើតឡើងចំពោះកោះតៃវ៉ាន់ នឹងជះផលប៉ះពាល់ចំពោះតំបន់អាស៊ានទាំងមូល។ ប្រសិនបើមានជម្លោះផ្ទុះឡើងនៅតៃវ៉ាន់ នោះនឹងពុំមាននរណាម្នាក់អាចរួចខ្លួនឡើយ»។ យោងតាមលោកឯកអគ្គរដ្ឋទូតហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីន នៅសប្តាហ៍ក្រោយ លោកស្រី ហារីស ក៏ទំនងជានឹងរាយការណ៍ប្រាប់លោក ម៉ាកូស ចេអ អំពីលទ្ធផលនៃជំនួបទ្វេភាគី ដែលមានរយៈពេល៣ម៉ោង រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំលុងកិច្ចប្រជុំកំពូល G20 ដែលបានប្រព្រឹត្តទៅនៅឥណ្ឌូណេស៉ី ផងដែរ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានប្តេជ្ញាយ៉ាងមុតមាំ ចំពោះការបង្រួបបង្រួមគ្នាវិញជាមួយកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាផ្នែកមិនអាចផ្តាច់បាន របស់ប្រទេសចិន ហើយមិនដែលប្រកាសបោះបង់ចោល នូវជម្រើសរើសប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចគោលដៅយ៉ាងដូច្នោះ​ឡើយ។ ដោយឡែកប៉ុន្មានឆ្នាំកន្លងមកនេះ ចិនក៏បានចោទប្រកាន់សហរដ្ឋអាមេរិកជារឿយៗថា ជំរុញលើកទឹកចិត្តដល់ចលនា​ឯករាជ្យភាព តៃវ៉ាន់ថែមទៀតផង៕