(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សម្តីកាលពីថ្ងៃពុធថា រូបលោកពុំមានមន្ទិលសង្ស័យអ្វីបន្តិចឡើយថា ឧបទ្ទវហេតុធ្លាក់មីស៉ីលនៅក្នុងទឹកដីប៉ូឡូញ ហើយផ្តាច់ជីវិតមនុស្ស២នាក់នោះ គឺមិនមែនបង្កឡើងដោយមីស៉ីលរបស់អ៊ុយក្រែនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Interfax Ukraine ដូច្នេះថា «ខ្ញុំគ្មានមន្ទិលសង្ស័យអ្វីសោះឡើយថា វាមិនមែនជាមីស៉ីលរបស់យើងទេ»។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោកនៅតែជឿជាក់ថាបន្ទុះនៅប៉ូឡូញ គឺត្រូវបានបង្កឡើងដោយមីស៉ីលរបស់រុស្ស៉ី ដោយការសន្និដ្ឋានបែបនេះរបស់លោក គឺយោងទៅតាមរបាយការណ៍ ដែលទទួលបានពីយោធារបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបន្តថា ទីក្រុងកៀវទទួលបានការអនុញ្ញាតឱ្យ ទៅត្រួតពិនិត្យកន្លែងដែលមីស៉ីលធ្លាក់នោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការណាតូ (NATO) ក៏ដូចជាប៉ូឡូញផ្ទាល់ បានអះអាងថា ឧបទ្ទវហេតុធ្លាក់មីស៉ីលនោះ គឺទំនងជាបណ្តាលមកពី មីស៉ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដើម្បីស្ទាក់ការវាយប្រហារមីស៉ីល​របស់រុស្ស៉ីកាលពីថ្ងៃអង្គារ។ យ៉ាងណាក្តី NATO បាននិយាយថា វាមិនមែនជាកំហុសរបស់អ៊ុយក្រែនទេ ហើយទម្លាក់ការស្តីបន្ទោសទៅលើរុស្ស៉ី ដ្បិតទីក្រុងមូស្គូគឺជាអ្នកដែលបង្កសង្រ្គាមនៅអ៊ុយក្រែន៕