(ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិច្ឆិកាតាមម៉ោងឥណ្ឌូណេស៊ី រទេះភ្លើងត្រួតពិនិត្យចម្រុះតាមផ្លូវដែកល្បឿនលឿនមួយគ្រឿង ដែលរចនានិងផលិតដោយប្រទេសចិន បានធ្វើការត្រតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះ ខ្សែផ្លូវសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង ដែលសហការកសាងដោយប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ី ទទួលបានជោគជ័យគាប់ប្រសើរ។

ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងគឺតភ្ជាប់ទីក្រុងហ្សាកាដារដ្ឋធានីឥណ្ឌូណេស៊ី ជាមួយទីក្រុងបានដុងដែលជា ក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ បណ្តោយផ្លូវសរុប១៤២.៣ គីឡូម៉ែត្រ ល្បឿនដំណើរការកំពូលអាចឡើងដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានចាប់ផ្តើមកសាងកាលពីខែមិថុនាឆ្នាំ២០១៨ ជាគម្រោងលក្ខណៈនិមិត្តរូបនៃការរួមគ្នា កសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ហើយខ្សែផ្លូវទាំងមូលបានប្រើបច្ចេកទេសរបស់ប្រទេសចិន និងសាងសង់តាមស្តង់ដាររបស់ប្រទេសចិន។

ក្រោមការជំរុញផ្ទាល់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ី តាមរយៈការបន្តខិតខំរួមរបស់ អ្នកស្ថាបនាផ្លូវដែកទាំងចិននិងឥណ្ឌូណេស៊ី ការកសាងផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង មានដំណើរការរលូន។ បន្ទាប់ពីការកសាងរួចហើយ ពេលវេលាធ្វើទេសចរណ៍ពីហ្សាកាដាដល់បានដុង នឹងត្រូវពង្រួមពីជាង៣ម៉ោងដល់ត្រឹម ៤០ នាទីប៉ុណ្ណោះ។ ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង នឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចតាមខ្សែផ្លូវ ហើយមានសារៈសំខាន់ណាស់ចំពោះការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ក៏ដូចជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃយុទ្ធសាស្ត្រ «សសរទ្រង់មហាសមុទ្រសកល» នៃឥណ្ឌូណេស៊ី៕

វិទ្យុមិត្តភាពកម្ពុជាចិន