(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោកបានជួបប្រជុំជាមួយប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល របស់សហរដ្ឋអាមេរិក លោក វីលៀម បឺនស៍ (William Burns) ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បាននិយាយថា លោក បឺនស៍ បានមកដល់ទីក្រុងកៀវ ចំពេលដែលរុស្ស៊ីវាយប្រហារលើទីក្រុងដោយប្រើមីស៊ីល។ ហើយ ប្រមុខ CIA បានចំណាយពេលនៅក្នុងលេនដ្ឋាន មុនពេលអ្នកទាំងពីរជួបគ្នា។

ក្នុងសន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍លោក ហ្សេលេនស្គី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានជួបជាមួយគាត់ (វីលៀម បឺនស៍) ហើយពួកយើងបាននិយាយអំពីបញ្ហាទាំងអស់ ដែលមានសារៈសំខាន់ចំពោះអ៊ុយក្រែន»

គួរបញ្ជាក់ថា មុននឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន ប្រមុខ CIA ក៏ទើបនឹងបានជួបប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរុស្ស៉ី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ហើយដំណើររបស់លោកទៅកាន់ទីក្រុងកៀវនាពេលនេះ គឺធ្វើឡើងតាមកិច្ចប្រជុំទីក្រុងអង់ការ៉ា ប្រទេសតួកគី។ នៅថ្ងៃពុធសប្តាហ៍នេះ លោក បឺនស៍ ក៏បានជួបប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេច ឌូដា នៅក្នុងទីក្រុងវ៉ាសូវី ផងដែរ៕