(មូស្គូ)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរិះគន់រុស្ស៊ីយ៉ាងចាស់ដៃ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ជុំវិញការទទួលខុសត្រូវរបស់ខ្លួនចំពោះ ការវាយប្រហារដោយមីស៊ីល នៅក្នុងប្រទេសប៉ូឡូញដែលសម្លាប់មនុស្ស ២នាក់ ខណៈប្រមុខគោលនយោបាយរបស់ UN បានហៅឧបទ្ទវហេតុនេះថា «ជារឿងគួរឲ្យ ភ័យខ្លាចដែលតម្រូវឲ្យមានការទប់ស្កាត់ជាដាច់ខាត ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមរាលដាលកាន់តែធំ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីដាន ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ខណៈដែលយើង នៅមិនទាន់ដឹងការពិតទាំងស្រុង ប៉ុន្តែយើងដឹងរឿងមួយ នោះគឺថា សោកនាដកម្មនេះនឹងមិនអាចកើតឡើងបានឡើយ ប្រសិនរុស្ស៊ីមិនបើកវាយប្រហារដោយមីស៉ីល ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។ អ៊ុយក្រែនមានសិទ្ធិការពារខ្លួន តាមរយៈការបាញ់ស្កាត់មីស៉ីលរបស់រុស្ស៉ី»

ឯកអគ្គរដ្ឋទូតរបស់ប្រទេសប៉ូឡូញ និងចក្រភពអង់គ្លេស ក៏បានបន្ទរតាមសេចក្តីថ្លែងការណ៍របស់អាមេរិកនេះដែរថា ការឈ្លានពានរបស់រុស្ស៊ីជារឿងដែលត្រូវស្តីបន្ទោស ចំពោះអ្វីដែលបានកើតឡើងក្នុងប្រទេសប៉ូឡូញ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេប៊ិនហ្ស៉ីយ៉ា (Vassily Nebenzia) បានជំទាស់ដោយចោទប្រកាន់អ៊ុយក្រែន និងប៉ូឡូញថាព្យាយាមបង្កឲ្យមាន ការប៉ះទង្គិចគ្នាដោយផ្ទាល់ រវាងរុស្ស៊ី និងអង្គការណាតូ តាមរយៈសេចក្តីថ្លែងការណ៍ដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែន និងមន្ត្រីប៉ូឡូញដែលដាក់បន្ទុកឲ្យរុស្ស៊ីទទួលខុសត្រូវ ក្រោយកើតមានឧទ្ទវហេតុភ្លាមៗ។ ដោយឡែក ការស៊ើបអង្កេតបឋមបានបង្ហាញថាមីស៊ីលដែលធ្លាក់លើទឹកដីប៉ូឡូញ ទំនងជាមីស៊ីលបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែន ក្នុងពេលព្យាយាមបាញ់ស្ទាក់មីស៊ីលបាញ់ស្រោចដោយរុស្ស៉ី។

យ៉ាងនេះក្តី អគ្គលេខាធិការរងរបស់ UN ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី រ៉ូសេម៉ារី ឌីកាឡូ (Rosemary DiCarlo) បានធ្វើសេចក្តីសង្ខេបកិច្ចប្រជុំដែលចូលរួម ដោយសមាជិក ១៥រូប ដោយសម្រេចរិះគន់ថ្កោលទោសការវាយប្រហារដោយមីស៉ីល លើទីក្រុងនានារបស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ ហើយពណ៌នាថាជា «ការបំផ្ទុះដ៏ខ្លាំងក្លាបំផុត» របស់រុស្ស៊ី ចាប់តាំងពីការឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈមក៕