(កោះប៉ាលី)៖ G20 បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដែលមានកម្រាស់រហូតដល់១១៨៦ទំព័រ រួមទាំងឧបសម្ព័ន្ធ ដោយក្នុងនោះ ពាក្យ «សង្រ្គាម» ត្រូវបានប្រើជិត១០០០ដង ខណៈពាក្យ «រុស្ស៉ី» ប្រើជាង២០០ដង។

ក្រៅពីពាក្យ «សង្គ្រាម» ដែលត្រូវបានលើកឡើងចំនួន ៩៩៧ដង ក៏មានពាក្យចំណីអាហារចំនួន ៥១២ដង, រុស្ស៊ីចំនួន២០១, តួកគី១៧១ និងពាក្យ អ៊ុយក្រែនចំនួន៤២លើក នេះបើយោងតាមការលើកឡើងរបស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់របស់កម្ពុជា។

ការប្រើប្រាស់ពាក្យពេចន៍ខាងលើ បានបង្ហាញពីការឆ្មក់យកវេទិការសេដ្ឋកិច្ចមួយនេះ ដើម្បីរំលេចឬជញ្រ្ជំទៅលើ «សង្គ្រាម» ដែលកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល។

លោក ពុយ គា បានបន្ថែមថា អ្វីដែលគួរចាប់អារម្មណ៍សមាជិកភាគច្រើន នៃក្លឹបប្រទេសអ្នកមាន G20 នេះឯង ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលទៅនឹងសង្រ្គាមនៅអ៊ុយក្រែន ជាមួយរុស្ស៉ី ហើយប្រទេសមហាអំណាចធំទាំង២ អាមេរិក និងចិនក៏នៅក្នុងក្រុម G20 នៅពេលដែលកិច្ចប្រជុំ G20 បានលើកពេញៗមាត់ ពីពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមទៅនឹងការបែងចែកប៉ូល នៃភូមិសាស្រ្តនយោបាយដែលសំដៅទៅលើអាមេរិក និងចិននេះតែម្តង។

រឿងមួយទៀតដែលគួរចាប់អារម្មណ៍ ពេលមានកិច្ចប្រជុំម្តងៗ ការការពារសុវត្ថិភាព និងសន្តិសុខរបស់មេដឹកនាំ និងទីកន្លែងប្រជុំជាអត្ថិភាពធំបំផុត ព្រោះគេបារម្មណ៍ពីការប្រើប្រាស់អាវុធនិងការបំផ្ទុះគ្រាប់បែក ប៉ុន្តែប្រទេសស្ទើរទាំងអស់នាំគ្នាបង្កើនការផលិតអាវុធ ឬទិញអាវុធបន្ថែមកាន់តែច្រើនៗឡើង។

ជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីបានពង្រាយកម្លាំងសន្តិសុខយោធាចំនួន១ម៉ឺន៨ពាន់នាក់ និងកម្លាំងប៉ូលីសជិត១ម៉ឺននាក់ផ្សេងទៀត ដើម្បីការពារសន្តិសុខ នៃកិច្ចប្រជុំ G20 រយៈពេល២ថ្ងៃនៅកោះបាលី ដោយគ្រោងចំណាយសរុបអស់ជាង៤០លានដុល្លារ៕