(យ៉ាងហ្គន)៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះថា បានដោះលែងអ្នកទោសជាង ៦,០០០នាក់ ក្នុងនោះរួមមានអតីតអគ្គរដ្ឋទូតអង់គ្លេស អ្នកកាសែតជប៉ុន និងទីប្រឹក្សាជនជាតិអូស្ត្រាលីម្នាក់នៃអតីតរដ្ឋាភិបាលលោកស្រី អោង សានស៊ូជី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាម្នាក់ បានបញ្ជាក់ថាអតីតអគ្គរដ្ឋទូតអង់គ្លេស លោកស្រី វីគគី បូវមែន (Vicky Bowman) ទីប្រឹក្សាសេដ្ឋកិច្ចជនជាតិអូស្ត្រាលី លោក សន ធឺនែល (Sean Turnell) និងអ្នកកាសែតជប៉ុន លោក តូរុ គូបូតា (Toru Kubota) នឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ជាការអបអរថ្ងៃបុណ្យជាតិ។

លោកស្រី បូវមែន ដែលធ្លាប់បានបម្រើការងារអគ្គរដ្ឋទូតអង់គ្លេស ប្រចាំប្រទេសមីយ៉ាន់ម៉ា ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦ ត្រូវបានអាជ្ញាធរនៃរបបសឹកចាប់ឃុំខ្លួនជាមួយនឹង ស្វាមីកាលខែសីហាកន្លងទៅ ដោយរងការចោទប្រកាន់ថាស្នាក់នៅដោយខុសច្បាប់ និងផ្ដន្ទាទោសអ្នកទាំង២ដាក់ពន្ធនាគារ១ឆ្នាំ។ ស្វាមីរបស់លោកស្រី បូវមែនដែលជា សិល្បៈករមានកេរ្តិ៍ឈ្មោះម្នាក់គឺលោក តាំង លីន (Htein Lin) ក៏នឹងត្រូវបានដោះលែងផងដែរ។

លោក សន ធឺនែល ធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតរដ្ឋាភិបាលលោកស្រី អោង សានស៊ូជី ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ ក្រោយមានរដ្ឋប្រហារយោធាកាលពី ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ លោក និងលោកស្រី ស៊ូជី ត្រូវបានកាត់ទោសដោយតុលាការរបបសឹកពីបទបំពានច្បាប់រក្សាការសម្ងាត់ជាតិ ​ឱ្យជាប់ ពន្ធនាគារម្នាក់ ៣ឆ្នាំ។

ចំណែកឯ លោក គូបូតា ជាអ្នកកាសែតជប៉ុន មានអាយុ ២៦ឆ្នាំ ត្រូវបានឃុំខ្លួនកាលពីខែកក្កដា នៅក្បែរបាតុកម្មតវ៉ាប្រឆាំងរបបសឹកក្នុងទីក្រុងយ៉ាងហ្គន ជាមួយពលរដ្ឋ មីយ៉ាន់ម៉ា២នាក់ទៀត និងត្រូវបានកាត់ទោសដាក់ពន្ធនាគារ១០ឆ្នាំ។ បច្ចុប្បន្ន ក្រុមគ្រួសារសាច់ញាតិរបស់អ្នកទោសជាច្រើបបាននិងកំពុងប្រមូលផ្ដុំគ្នានៅខាងក្រៅ ពន្ធនាគារ អ៉ីនសេន (Insein) ក្នុងទៅក្រុងយ៉ាងហ្គន៕

លោកស្រី Vicky Bowman

លោក Sean Turnell

លោក Toru Kubota