(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមានចាត់វិធានការ យោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា៖ «កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ ប៉ុន្តែ មិនទាន់អាចបញ្ជាក់ថាវាជាប្រភេទមីស៊ីលអ្វីនៅឡើយទេ។

ការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូសុន ហ៊ុយ (Choe Son hui) បានព្រមានថាទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិក បង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន។

គួរបញ្ជាក់ថា នៅក្នុងជំនួបទល់មុខជាលើកដំបូងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅមុនចូលរួមកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃចន្ទដើមសប្ដាហ៍ ក្នុងប្រទេស ឥណ្ឌូណេស៊ី លោក ចូ បៃដិន បានប្រាប់លោក ស៊ី ថាសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង នឹងជំរុញឱ្យសហរដ្ឋអាមេរិកកាន់តែបង្កើនវត្តមានយោធានៅក្នុងតំបន់៕