(វ៉ាស៊ីនតោន)៖ គណបក្សសាធារណរដ្ឋ បានដណ្ដើមគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកឡើងវិញហើយ នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលសំឡេងភាគច្រើននៅក្នុង ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ បើទោះជាទទួលបានលទ្ធផលផ្ទុយពីការរំពឹងទុកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមលទ្ធផលបោះឆ្នោត លោក ម៉ៃក ហ្កាសៀ (Mike Garcia) មកពីគណបក្សសាធារណរដ្ឋបានទទួលជ័យជម្នះ នៅក្នុងការប្រកួតប្រជែងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនេះ បានធ្វើឱ្យអាសនៈរបស់គណបក្សសាធារណរដ្ឋកើនដល់ ២១៨អាសនៈ ដែលជាសំឡេងភាគច្រើនដើម្បីគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិក ខណៈគណបក្សប្រជាធិបតេយ្យ ទទួលបាន ២១០អាសនៈ។

ចំណែកឯ លោក ខេវីន ម៉ាកខាធី (Kevin McCarthy) ត្រូវបានគេរាយការណ៍ថានឹងឡើងកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិក នៅពេលដែលសភាថ្មីទាំង២ របស់សហរដ្ឋអាមេរិកបើកសម័យប្រជុំនៅដើមឆ្នាំក្រោយ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានតែងតាំងរូបលោកឱ្យកាន់មុខនាទីនេះ។ បើដូច្នេះមែន លោក ម៉ាកខាធី នឹងត្រូវ ឡើងធ្វើជាប្រធានសភាតំណាងរាស្ត្រអាមេរិកជំនួសលោកស្រី ណាន់ស៊ី ផេឡូស៊ី មកពីគណបក្សប្រជាធិបតេយ្យដែលរក្សាការគ្រប់គ្រងព្រឹទ្ធសភាអាមេរិកដដែល៕