(កៀវ)៖ រដ្ឋាភិបាលទីក្រុងកៀវ បានស្នើសុំចូលទៅកាន់ទីតាំងនៃការបំផ្ទុះដ៏សាហាវនៅក្នុងភូមិមួយរបស់ប៉ូឡូញ បន្ទាប់ពីមន្ត្រីលោកខាងលិចបាននិយាយថា មីស៊ីលនោះទំនងជាបណ្តាលមកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov បាននិយាយនៅលើ Twitter ថា «អ៊ុយក្រែនស្នើសុំការចូលទៅពិនិត្យមើលកាន់ទីតាំង នៃការផ្ទុះនោះជាបន្ទាន់»។

លោក​បាន​បន្ថែម​ថា ក្រុង​កៀវ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការផ្តល់ «ភស្តុតាង» នៃ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន ​ដែល​ថា​រុស្ស៊ី​ជា​អ្នក​ទទួល​ខុស​ត្រូវចំពោះរឿងនេះ។

គួរបញ្ជាក់ថា ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។ 

យ៉ាងណាក៏ដោយប្រធានអង្គការណាតូបាននិយាយថា ទីក្រុងមូស្គូគឺមិនមែនក្រុងកៀវទេ ដែលត្រូវស្តីបន្ទោស ចំពោះការចាប់ផ្តើមសង្គ្រាមតាំងពីដំបូង និងបើកការវាយប្រហារ ដែលបង្កឱ្យមានការ បាញ់ ការពារវិញពីសំណាក់ អ៊ុយក្រែន៕