(វ៉ារស្សាវ៉ា)៖ ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ ប្រធានអង្គការអូតង់បាននិយាយថា ទីក្រុងមូស្គូគឺមិនមែនក្រុងកៀវទេ ដែលត្រូវស្តីបន្ទោសចំពោះការចាប់ផ្តើមសង្គ្រាមតាំងពីដំបូង និងបើកការវាយប្រហារដែលបង្កឱ្យមានការ បាញ់ការពារវិញពីសំណាក់អ៊ុយក្រែន។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានប្រាប់ អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលនៅថ្ងៃនេះ «នេះមិនមែនជាកំហុសរបស់អ៊ុយក្រែនទេ។ រុស្ស៊ីត្រូវទទួលខុសត្រូវខ្ពស់បំផុត ខណៈដែលខ្លួនបន្តសង្គ្រាមខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន»។
ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃពុធនេះបានអះអាងថាមីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ី បានធ្លាក់ចំតំបន់ភាគខាងកើត នៃប្រទេសរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ហើយបានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំ ក្រោយទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែន ជាអ្នកបាញ់មីស៊ីលនេះឡើយ។
គួរបញ្ជាក់ថា មេដឹកនាំណាតូ និងមេដឹកនាំប្រទេសជាដៃគូ បានកោះប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជុំវិញគ្រាប់មីស៊ីលធ្លាក់ចូលទឹកដីប៉ូឡូញ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីប៉ូឡូញរបស់លោកថាទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តឥតងាករេចំពោះណាតូ ហើយនឹងគាំទ្រ ការស៊ើបអង្កេតរបស់ប៉ូឡូញ៕