(បែរឡាំង)៖ នៅថ្ងៃពុធនេះក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា ឧបទ្ទវហេតុធ្លាក់មីស៉ីលចំលើទឹកដីរបស់ប្រទេសប៉ូឡូញ ដែលបានផ្តាច់ជីវិតមនុស្ស២នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺត្រូវបានបង្កឡើងដោយសារតែ មីស៉ីលនៃប្រព័ន្ធការពារអាកាស S-300 របស់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ីបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «រូបភាពនានានៃកន្លែងធ្លាក់មីស៉ីល នៅភូមិភ្សេវ៉ូដូ (Przewodow) ប្រទេសប៉ូឡូញ បានធ្វឱ្យក្រុមអ្នកជំនាញវិស័យយោធារុស្ស៉ី អាចកំណត់យ៉ាងជាក់ច្បាស់ថា វាបណ្តាលមកពីមីស៉ីល នៃប្រព័ន្ធការពារដែនអាកាស S-300 របស់កងកម្លាំងយោធាអ៊ុយក្រែន»

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ រដ្ឋាភិបាលប៉ូឡូញបានអះអាងថា កាលពីថ្ងៃអង្គារ មានមីស៉ីលដែលផលិតដោយរុស្ស៉ី ធ្លាក់ចំតំបន់មួយក្នុងទឹកដីខ្លួន ក្បែរព្រំប្រទល់ជាមួយអ៊ុយក្រែន និងបណ្តាលឱ្យពលរដ្ឋប៉ូឡូញ២នាក់ស្លាប់ ចំពេលដែលរុស្ស៉ីបានបាញ់ស្រោចមីស៉ីលជាច្រើនគ្រាប់ ទៅលើទីក្រុងផ្សេងៗ នៅក្នុងប្រទេសអ៊ុយក្រែន។ ភ្លាមៗនោះ ក៏បានបង្កឱ្យមានការភ្ញាក់ផ្អើល និងការ​ព្រួយបារម្ភទូទាំងពិភពលោកថា សង្រ្គាមអ៊ុយក្រែនអាចនឹងរីកដាលដល់បណ្តាប្រទេសជិតខាង។ យ៉ាងណាមិញ ប្រធានាធិបតីប៉ូឡូញផ្ទាល់ បាននិយាយថា ទីក្រុងវ៉ាសូវីមិនមានភស្តុតាងរឹងមាំគ្រប់គ្រាន់ ដើម្បីកំណត់ថាតើប្រទេសណាដែលជា អ្នកបាញ់មីស៉ីលនោះទេ។

ចំណែកបើតាមប្រភពពីអង្គការណាតូ (NATO) វិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ដៃគូ G7 និង NATO ថា ករណីមីស៉ីលធ្លាក់នៅភាគខាងកើតប៉ូឡូញ គឺបណ្តាលមកពីមីស៉ីលនៃប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន។ ក្រោយទទួលបាន ដំណឹងពីហេតុការណ៍នៅប៉ូឡូញភ្លាមៗ លោកប្រធានាធិបតីអាមេរិក ក៏បាននិយាយរួចហើយដែរថា មីស៉ីលនោះទំនងជាមិនមែនបាញ់​ដោយកងកម្លាំងរុស្ស៉ីឡើយ៕