(កៀវ)៖ គ្រាប់មីស៊ីល ២គ្រាប់លើកដំបូងដែលបានបាញ់ធ្លាក់ក្នុងទឹកដីប៉ូឡូញនៃតំបន់ព្រំដែនជាប់អ៊ុយក្រែន ត្រូវបានគេចោទមុននេះថាជាទង្វើរបស់រុស្ស៊ី។ ប៉ូឡូញ បានត្រៀមកងកម្លាំងអាកាស ក្នុងការវាយលុកតបត ប៉ុន្តែសេចក្តីរាយការណ៍ចុងក្រោយបានបង្ហាញថា មីស៊ីលដែលបាញ់ នោះគឺជាមីស៊ីលរបស់ទាហានអ៊ុយក្រែន ដែលបានបាញ់តបតនឹងរុស្ស៊ីក្នុងពេលមានការបាញ់ផ្លោងដាក់មកលើពួកគេនោះ។

ភាពជ្រួលច្របល់ បានស្ងប់ស្ងាត់ទៅវិញ ក្រោយការរកឃើញថាមីស៊ីលដែលបានវាយប្រហារដាក់លើទឹកដីប៉ូឡូញនេះ មិនមែនជាមីស៊ីលបាញ់ដោយរុស្ស៊ីនោះទេ ប៉ុន្តែជាមីស៊ីលបាញ់ដោយកងកម្លាំងអ៊ុយក្រែន ដាក់ទៅលើមីស៊ីលរបស់រុស្ស៊ីដែលបានធ្វើការបាញ់ប្រហារចូលមក។ គួរបញ្ជាក់ថាមុននេះ មីស៊ីលចំនួន២គ្រាប់ ដែលគេបានបញ្ជាក់ថាជាមីស៊ីលរបស់រុស្ស៊ីបាញ់ដាក់លើទឹកដីប៉ូឡូញក្បែរតំបន់ព្រំដែននោះ បានជំរុញឱ្យកងកម្លាំងយោធាអាកាសប៉ូឡូញ បានត្រៀមនឹងធ្វើការសងសឹកទៅវិញ។

* តើមានអ្វីកើតឡើងខ្លះ ក្នុងពេលដែលមានសេចក្តីរាយការណ៍ដំបូងអំពីមីស៊ីលរបស់រុស្ស៊ី បាញ់ធ្លាក់ចូលក្នុងទឹកដីប៉ូឡូញនោះ?

យន្តហោះយោធារបស់កងកម្លាំងអាកាសរបស់ប៉ូឡូញ ត្រូវគេរាយការណ៍មុននេះថា បានត្រៀមរួចជាស្រេចនៅក្នុងលទ្ធភាពវាយលុកតបតទៅវិញ បើសិនជា មានសញ្ញាភ្លើងបៃតងបញ្ជាឱ្យធ្វើការតបតដាក់ទៅលើរុស្ស៊ីវិញនោះ។ ការត្រៀមវាយប្រហារនេះគឺនៅបន្ទាប់ពីមានរបាយការណ៍ដែលបញ្ជាក់ថាគ្រាប់មីស៊ីល ២គ្រាប់ដែលបានចំតំបន់កសិដ្ឋានមួយក្នុងទីក្រុងប្រឹសេវ៉ូដូវ (Przewodów) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា គឺជាគ្រាប់មីស៊ីលរបស់រុស្ស៊ី។ មនុស្សពីរនាក់បានស្លាប់ នៅក្នុងតំបន់កសិដ្ឋាននៃប្រទេសប៉ូឡូញនោះ។

ប្រទេសប៉ូឡូញ គឺជាសមាជិករបស់អង្គការណាតូ។ យោងតាមមាត្រា៥នៃធម្មនុញ្ញអង្គការណាតូ, ការវាយប្រហារណាមួយដាក់លើសមាជិកអង្គការណាតូ គឺជាការវាយប្រហារដាក់លើអង្គការណាតូទាំងមូល។ ការចោទប្រកាន់ដាក់មកលើរុស្ស៊ី គឺនៅទន្ទឹមសកម្មភាពរបស់ទាហានរុស្ស៊ីធ្វើការបាញ់ស្រាច គ្រាប់មីស៊ីលជាង៩០គ្រាប់ដាក់លើបណ្តាទីក្រុងអ៊ុយក្រែនជាពិសេសលើទីតាំងនៃមជ្ឈមណ្ឌលថាមពលអគ្គីសនី ដែលជាការវាយប្រហារប៉ុនប៉ងផ្តាច់ភ្លើង និងទឹក ក្នុងរដូវរងានាពេលនេះ។

យោងតាមអាជ្ញាធរអ៊ុយក្រែន ក្នុងចំណោមមីស៊ីលជាង៩០គ្រាប់របស់រុស្ស៊ីនោះ, ប្រមាណជាង ៧០គ្រាប់ត្រូវបានប្រព័ន្ធការពារអាកាសបាញ់ទម្លាក់។ ការបាញ់ប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីនោះ បានផ្តោតលើរដ្ឋធានីគៀវផង និងលើបណ្តាទីក្រុងជាច្រើនទូទាំងប្រទេស ក្នុងនោះក្រុង Lviv ដែលស្ថិត ភាគខាងលិចប្រទេសក្បែរព្រំដែនប៉ូឡូញ ក៏ជាមុខព្រួញនៃការវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីផងដែរ។ សេចក្តីរាយការណ៍មុននេះបានដកស្រង់មន្ត្រី ស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់ម្នាក់ ដែលបាននិយាយថាមីស៊ីលទាំងនោះ គឺជាមីស៊ីលដែលផលិតដោយរុស្ស៊ី។

ព័ត៌មាននោះហើយបានបង្ខំឱ្យប៉ូឡូញត្រូវកោះប្រជុំគណៈកម្មាធិការគណៈរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ និងការពារជាតិ។ ប្រទេសរុស្សីនៅជាមួយគ្នានោះ បានបដិសេធផងដែរ ប៉ុន្តែមិនមានការជឿណាមួយឡើយ ដោយមានការគិតថាមីស៊ីលរុស្ស៊ីបានបាញ់តំរង់ហួសគោលដៅចូលក្នុងទឹកដីប៉ូឡូញ។ ប្រធានការិយាល័យ សន្តិសុខជាតិរបស់ប្រទេសប៉ូឡូញ លោក ចេសិក ស៊ីវីរ៉ា (Jacek Siewiera) បាននិយាយថា «គេរង់ចាំរកការពន្យល់លម្អិតអំពីស្ថានភាពនេះសិន»

លោកបានចោទថាការបាញ់មីស៊ីល «នេះគឺជាឧប្បត្តិហេតុមួយ…ជាកំហុសមួយដែលបណ្តាលមកពីរុស្ស៊ីប្រើប្រភេទមីស៊ីលចាស់ហួសសម័យដែលមិនសូវ មានភាពច្បាស់លាស់ដាក់លើគោលដៅនៃការវាយប្រហារ»។ បើទោះបីជាក្រសួងការពារជាតិរុស្ស៊ីបានអះអាងតបថាមិនមានការវាយប្រហារណាមួយ ដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ធ្វើឡើងប្រឆាំងនឹងគោលដៅនៅជិតព្រំដែនរដ្ឋអ៊ុយក្រែន- ប៉ូឡូញនោះឡើយ។ សេចក្តីរាយការណ៍មុននេះបានចោទថារុស្ស៊ីធ្វើការ ដោះសារដោយសារតែមានការឃើញថាមីស៊ីលជាង៩០គ្រាប់ ដែលរុស្ស៊ីបានបាញ់ស្រោច ដាក់លើបណ្តាទីក្រុងអ៊ុយក្រែនកាលពីថ្ងៃទី១៥វិច្ឆិកានេះរួមមានទាំង ដាក់គោលដៅលើក្រុង Lviv ដែលជាក្រុងរបស់អ៊ុយក្រែនស្ថិតចម្ងាយប្រហែល ៦២ម៉ាយល៍ភាគខាងត្បូង នៃក្រុងប្រឹសេវ៉ូដូវ Przewodów របស់ប៉ូឡូញ និង មានចម្ងាយ ៥០ម៉ាយល៍ពីព្រំដែនអ៊ុយក្រែននោះផងទៀត។

សេចក្តីរាយការណ៍មុននេះ នៅបានបង្ហាញទៀត ថាមានការជម្រុញឱ្យប្រទេសណាតូ ត្រូវអនុវត្តបទប្បញ្ញត្តិមាត្រា៥ នៃធម្មនុញ្ញរបស់អង្គការសន្ធិសញ្ញា អង្គការអត្លង់ទិកខាងជើង ដែលមាត្រាបានចែងថាការវាយប្រហារប្រឆាំងដាក់លើប្រទេសសម្ព័ន្ធមិត្តណាតូណាមួយនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារ ប្រឆាំងដាក់លើប្រទេសនៃសម្ព័ន្ធមិត្តទាំងអស់។ នៅជាមួយគ្នានេះផងដែរ, ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឱ្យ មានការចាត់វិធានការប្រឆាំងរុស្ស៊ី ដោយបានចាត់ទុកថាការវាយប្រហារគ្រាប់មីស៊ីលរបស់រុស្ស៊ីលើទឹកដីប៉ូឡូញនោះ គឺជាការបង្កើនឡើងនូវភាពតានតឹង ដែលគេមិនត្រូវព្រងើយកន្តើយនោះទេ។

លោក ហ្សេលេនស្គី បានថ្លែងថា ការបាញ់មីស៊ីលដាក់លើទឹកដីនៃអង្គការណាតូដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី គឺជាការបង្កើនឡើងនូវភាពតានតឹង ហើយដែលគេ ត្រូវតែចាត់វិធានការ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានស្ងប់បន្តិចទៅវិញ ក្រោយសេចក្តីរាយការណ៍បង្ហាញថាមីស៊ីលនោះ មិនមែនជារបស់រុស្ស៊ីនោះទេ។ ក្រុមប្រឹក្សាសន្តិសុខជាតិប៉ូឡូញ បានថ្លែងនៅថ្ងៃពុធនេះថា គេនឹងជួបប្រជុំគ្នាម្តងទៀតក្នុងរង្វង់នៃការព្រួយបារម្ភសង្គ្រាមអ៊ុយក្រែនដែលអាចនឹងរាលដាលចូល មកក្នុងប្រទេសដែលស្ថិតនៅក្បែរ។

សកម្មភាពចោទថាមានគ្រាប់មីស៊ីលរុស្ស៊ីបាញ់ធ្លាក់លើទឹកដីប៉ូឡូញ ដែលការពារដោយអង្គការណាតូនេះ គឺជាហេតុការណ៍ថ្មីស្រឡាងមួយទៀត ខណៈដែល សង្គ្រាមអ៊ុយក្រែនកំពុងស្ថិត ក្នុងសម្រុះសម្រួលរវាងភាគីរុស្ស៊ីនិងអ៊ុយក្រែនដើម្បីការចង់បញ្ចប់សង្គ្រាម តាមរយៈការចរចា។ ក្នុងកិច្ចប្រជុំ G20 ដែលបានរៀបចំធ្វើ លើកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ត្រូវគេឃើញថាលោកបានថ្លែងតាមប្រព័ន្ធអនឡាញអំពាវនាវការជួយជំរុញរក ការបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ ថ្លែងក្នុងកិច្ចប្រជុំ G20 កាលពីថ្ងៃអង្គារ៍ ទី១៥ វិច្ឆិកា លោក ហ្សេលេនស្គី បានបញ្ជាក់ថាពេលនេះគួរតែជាពេលវេលា ដែលសង្រ្គាមអាចត្រូវបញ្ឈប់បានហើយៗ ការបញ្ឈប់សង្គ្រាមនឹងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់»។

លោក ហ្សេលេនស្គី បានថ្លែងថា «ខ្ញុំចង់ឱ្យសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនេះចប់ដោយយុត្តិធម៌ និងផ្អែកលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកបន្តថា អ៊ុយក្រែនមិនត្រូវបានគេស្នើឱ្យបញ្ចប់សង្គ្រាមដោយការធ្វើសម្បទានជាមួយដែនបូរណភាព និងឯករាជ្យ។ លោកថាអ៊ុយក្រែន គោរពច្បាប់ និងអ៊ុយក្រែនគឺជាប្រជាជនដែលគោរពពាក្យសម្តី, អ៊ុយក្រែនគឺជាប្រទេសដឹកនាំមួយក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាព ហើយពិភពលោកគឺជាសាក្សី នៃទង្វើរបស់អ៊ុយក្រែន, ហើយប្រសិនណាបើរុស្ស៊ីនិយាយថាគេពិតជាចង់បញ្ចប់នូវសង្គ្រាមនេះមែន សូមឱ្យរុស្ស៊ីបញ្ចេញសកម្មភាពបញ្ជាក់ការពិតរបស់ខ្លួនមក។

លោកថាពិតប្រាកដណាស់ដែលថាគ្មានអ្នកណាម្នាក់ជឿទុកចិត្តនូវពាក្យសម្តីរបស់រុស្ស៊ីនោះឡើយ»។ សម្តីស្វែងរកការបញ្ចប់សង្គ្រាម បានធ្វើឡើងក្នុងកិច្ចប្រជុំ កំពូល G20 ដែលអវត្តមានមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ ក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ីឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ បានធ្វើជាអ្នកតំណាងប្រទេស។ លោក ហ្សេលេនស្គី ទោះបីជាបានអំពាវនាវចង់រកការបញ្ចប់សង្គ្រាម ប៉ុន្តែលោកបានប្រាប់អ្នកចូលរួមក្នុង កិច្ចប្រជុំនោះថាមិនត្រូវដាក់សំណើឱ្យអ៊ុយក្រែនត្រូវធ្វើសម្បទានទឹកដីនិងឯករាជ្យឱ្យរុស្ស៊ី ដើម្បីជាថ្នូរនៃការរកសន្តិភាពបញ្ចប់សង្គ្រាមនោះឡើយ។

ប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ ក្នុងសំណើដែលចង់បញ្ចប់សង្ក្រាម បានតម្រូវលក្ខខណ្ឌឱ្យអ៊ុយក្រែនត្រូវ «ទទួលស្គាល់ទឹកដីគ្រីមៀ…ទទួលស្គាល់ឯករាជ្យ ភាពសម្រាប់ក្រុមផ្តាច់ខ្លួនដែលគ្រប់គ្រងក្នុងតំបន់ Luhansk និង Donetsk, អ៊ុយក្រែនត្រូវធ្វើ «ការរំសាយយោធា» និង «បំបាត់ចោលអារ្យធម៌ណាស៊ីនិយម»។ ប៉ុន្ត សំណើលក្ខខណ្ឌរបស់រុស្ស៊ីនោះ បានខុសនឹងការដាក់លក្ខខណ្ឌរបស់អ៊ុយក្រែន។ អ៊ុយក្រែនបានបញ្ចេញលក្ខខណ្ឌ៥ «ការស្តារឡើងវិញនៃបូរណភាពទឹកដី, ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ, សងនូវការខូចខាតរាល់ការបាត់បង់ទាំងអស់ដែលបង្កដោយសារសង្គ្រាម, ការដាក់ទោសលើរាល់ឧក្រិដ្ឋជននីមួយៗ និងការធានាមិនឱ្យមានរឿងហេតុដូចនេះមានសាជាថ្មីទៀតឡើយ»