(មីនស៍)៖ ក្រសួងការពារជាតិបេឡារុស នៅថ្ងៃអង្គារសប្តាហ៍នេះថា បានច្រានចោលការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងទីក្រុងកៀវដែលថាបេឡារុស បានបង្កើនវត្តមានប៉ូលិសនៅតាមព្រំដែនជាមួយអ៊ុយក្រែន ក្រោមលេសថាមានការគំរាមកំហែង ដែលអាចធ្វើឡើងដោយអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីក្រុងកៀវ បានអះអាងថា គណៈកម្មការយោធាតំបន់ប្រ៊ីស (Brest) នៃប្រទេសបេឡារុស បានចេញការអំពាវនាវឲ្យប្រជុំជួរកងទ័ពចំនួន ៥០,០០០នាក់ ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែក្រសួងការពារជាតិបេឡារុស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្សព្វផ្សាយនូវផែនការនេះគឺមិនមែនជាការមិនពិតឡើយ។ យ៉ាងនេះក្តី លោក អ៉ីវ៉ាន គូប្រាកូវ (Ivan Kubrakov) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបេឡារុស ធ្លាប់បានប្រាប់ទូរទស្សន៍ក្នុងស្រុកយ៉ាងដូច្នេះថា «មានការពង្រឹងវិធានការសន្តិសុខ នៅក្នុងតំបន់ប្រ៊ីស និងតំបន់ហ្គូមេល (Gomel) ដែលជាស្រុកចំនួនពីរស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន ដោយលើកឡើងពីការគំរាមកំហែងដ៏មានសក្តានុពលរបស់ជនចំណាកស្រុកអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពជាច្រើនពាន់នាក់ ទៅកាន់ប្រទេសបេឡារុសកាលពីខែមុន ដែលជាផ្នែកមួយនៃកងកម្លាំងរួមរុស្ស៉ី-បេឡារុស ខណៈប្រធានាធិបតី លោក អាឡិចសាន់ដឺ លូកាសឈិនកូ អះអាងថា អ៊ុយក្រែនកំពុងប្រមូលផ្តុំកងទ័ពចំនួន ១៥.០០០ នាក់ ឬច្រើនជាងនេះ នៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួន ដោយរៀបចំទីតាំងប្រយុទ្ធ និងធ្វើការឈ្លបយកការណ៍។ រីឯ អ៊ុយក្រែនក៏បាននឹងកំពុងបន្តការសាងសង់ជញ្ជាំងព្រំដែនជាមួយបេឡារុស ដែលខ្លួនបានចោទប្រកាន់ថាបានផ្តល់ជំនួយដល់ប្រទេសរុស្ស៊ី នៅក្នុងជម្លោះដែលកំពុងបន្ត៕