(ព្រុចសែល)៖ គ្រាប់មីស៊ីល២គ្រាប់លើកដំបូងរបស់រុស្ស៊ី បានធ្លាក់លើទឹកដីប្រទេសប៉ូឡូញដែលជាប្រទេស នៃសមាជិករបស់អង្គការណាតូ។ ប្រទេសរុស្ស៊ីបានប្រញាប់បដិសេធជុំវិញការចោទប្រកាន់នេះភ្លាម ខណៈការព្រួយបារម្ភមួយកំពុងកើតឡើងដោយសារតែគ្រាប់បាញ់មីស៊ីល២គ្រាប់នេះ អាចនឹងទាញឱ្យអង្គការណាតូនឹងត្រូវធ្វើការសម្រេចចិត្តរបស់ខ្លួនថា តើគេនឹងត្រូវធ្វើប្រតិកម្មវាយលុកតបតភ្លាមឬក៏យ៉ាងណា?

យន្តហោះយោធារបស់កងកម្លាំងអាកាសរបស់ប៉ូឡូញ ត្រូវគរាយការណ៍ថាបានត្រៀមរួចជាស្រេចនៅក្នុងលទ្ធភាពវាយលុកតបតទៅវិញ បើសិនជាមានសញ្ញាភ្លើងបៃតងបញ្ជាឱ្យធ្វើការតបតដាក់ទៅលើរុស្ស៊ីវិញនោះ។ គ្រាប់មីស៊ីល២គ្រាប់លើកដំបូងរបស់រុស្ស៊ី បានធ្លាក់លើទឹកដីប្រទេសប៉ូឡូញ ដែលជាប្រ ទេសនៃសមាជិករបស់អង្គការណាតូ កាលពីថ្ងៃអង្គារ៍ ទី១៥ វិច្ឆិកា ឆ្នាំ២០២២ ។ មនុស្សពីរនាក់បានស្លាប់ នៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីគ្រាប់មីស៊ីលរុស្ស៊ីនោះ បានធ្លាក់នៅ តំបន់កសិដ្ឋានជិតព្រំដែនប៉ូឡូញជាប់ជាមួយនឹងទឹកដីអ៊ុយក្រែន។ ប្រទេសប៉ូឡូញ គឺជាសមា ជិក របស់អង្គការណាតូ។ យោងតាមមាត្រា៥នៃធម្មនុញ្ញអង្គការណាតូ ការវាយប្រហារណាមួយដាក់លើសមាជិកអង្គការណាតូ គឺជាការវាយប្រហារដាក់លើអង្គការណាតូទាំងមូល។

គ្រាប់មីស៊ីលបានធ្លាក់នៅក្នុងទីក្រុងប្រឹសេវ៉ូដូវ Przewodów និងប៉ះចំកសិដ្ឋានមួយហើយគ្រាប់នោះ បានបុកចំម៉ាស៊ីនសម្ងួតគ្រាប់ធញ្ញជាតិថែមទៀត។ គ្រាប់មីស៊ីលដែលបានធ្លាក់ចូល ក្នុ្ងងទឹកដីប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ៍ទី១៥ វិច្ឆិកា គឺនៅបន្ទាប់ពីរុស្ស៊ីបានធ្វើការបាញ់ស្រោច គ្រាប់មីស៊ីលជាច្រើនប្រមាណជាង៩០គ្រាប់ ដាក់លើបណ្តាទីក្រុងអ៊ុយក្រែនជាពិសេសលើទី តាំងនៃមជ្ឈមណ្ឌលថាមពលអគ្គីសនី ដែលជាការវាយប្រហារប៉ុនប៉ងផ្តាច់ភ្លើងនិងទឹកក្នុងរដូវរងារនាពេលនេះ។

យោងតាមអាជ្ញាធរអ៊ុយក្រែន ក្នុងចំណោមមីស៊ីលជាង៩០គ្រាប់របស់រុស្ស៊ីនោះ ប្រមាណជាង៧០គ្រាប់ត្រូវបានប្រព័ន្ធការពារអាកាសបាញ់ទម្លាក់។ ការបាញ់ប្រហារដោយគ្រាប់មីស៊ីល របស់រុស្ស៊ីនោះ បានផ្តោតលើរដ្ឋធានីគៀវផង និងលើបណ្តាទីក្រុងជាច្រើនទូទាំងប្រទេស ក្នុង នោះក្រុងLviv ដែលស្ថិតភាគខាងលិចប្រទេសក្បែរព្រំដែនប៉ូឡូញ ក៏ជាមុខព្រួញនៃការវាយ ប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់ម្នាក់ ដែលបាននិយាយថា មីស៊ីលទាំងនោះ គឺជាមីស៊ីលដែលផលិតដោយរុស្ស៊ីពិតប្រាកដមែន។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោកម៉ាតឺស ម៉ូរ៉ាវីគី (Mateusz Morawiecki) បានកោះប្រជុំគណៈកម្មាធិការគណៈរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខនិងការពារជាតិ។ ប្រទេសរុស្សីបានបដិសេធ មិនត្រឹមតែ មីស៊ីលដែលវាយប្រហារលើទឹកដីប្រទេសប៉ូឡូញប៉ុណ្ណោះទេ, រុស្ស៊ីបញ្ជាក់ថាគ្មានគ្រាប់មីស៊ីលរបស់រុស្ស៊ីណាមួយ បានវាយប្រហារនៅតំបន់ជិតព្រំដែនប៉ូឡូញទាល់តែសោះនោះឡើយ បើទោះបីជាមានការផ្ទុះជាច្រើនបានកើតឡើង នៅតាមបណ្តាក្រុងអ៊ុយក្រែនក្បែរព្រំដែននៃប្រទេសប៉ូឡូញ ប៉ុន្មានម៉ោងមុនគ្រាប់មីស៊ីលទាំង២នោះ បានធ្លាក់លើទឹកដីប៉ូឡូញនោះក៏ដោយ ។ ការវាយប្រហារនេះអាចឱ្យប៉ូឡូញជំរុញប្រទេសអង្គការណាតូអនុវត្តបទប្បញ្ញត្តិមាត្រា៥ នៃធម្មនុញ្ញារបស់អង្គការណាតូ ដែលនឹងបង្ខំឱ្យសមាជិកនៃសន្ធិសញ្ញាអង្គការអត្លង់ទិកខាងជើងទាំងអស់ ធ្វើការវាយប្រហារដាក់លើរុស្ស៊ីវិញ។ មាត្រា៥ នៃធម្មនុញ្ញអង្គការណាតូ បានសរសេរថា ការវាយប្រហារប្រឆាំងដាក់លើប្រទេសសម្ព័ន្ធមិត្តណាតូណាមួយ នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងដាក់លើប្រទេសនៃសម្ព័ន្ធមិត្តទាំងអស់។

ប្រធានការិយាល័យសន្តិសុខជាតិនៃប្រទេសប៉ូឡូញ លោក ចេសិក ស៊ីវីរ៉ា (Jacek Siewiera) បានថ្លែងថា ដោយសារតែសភាពការណ៍ធ្ងន់ធ្ងរដែលយើងកំពុងតែប្រឈមនេះ ប្រធានាធិបតីប៉ូឡូញលោក អង់ដ្រ៍សេហ្ស សេបាស្ទាន ឌូដា (Andrzej Sebastian Duda) ទើបបានបញ្ចប់ការធ្វើកិច្ចសន្ទនាជាមួយនឹងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenbergs។ ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ បានថ្លែងថាគេបានបញ្ជាក់នូវកាលៈទេសៈក្រោមការ អនុវត្តនូវមាត្រា៤របស់អង្គការណាតូ។ យោងសន្ធិសញ្ញា Warsaw ឬសន្ធិសញ្ញាវ៉ាសូវី អង្គការណាតូនឹងតម្រូវការ ការកោះប្រជុំពិនិត្យ សភាពការណ៍ យោងលើមាត្រាទី៤ជាមុនសិន។ មាត្រាទី៤របស់អង្គការណាតូ គឺការ កោះប្រជុំសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងទាំងអស់ ដែលនៅពេលនោះប្រទេសជាសមាជិកនឹងអាចលើកបញ្ហាកង្វល់ ពាក់ព័ន្ធនឹងកត្តាបូរណភាពទឹកដីឯករាជ្យភាពនយោបាយ ឬសន្តិសុខជាតិ ធ្វើការពិភាក្សានៅមុនពេលអង្គការណាតូសម្រេចថានឹងត្រូវធ្វើសកម្មភាពណាមួយមែននោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ដកស្រង់ប្រភពមួយពីក្រុងប្រុចសែល បញ្ជាក់ថា ការឆ្លើយតបរបស់អង្គការណាតូ ចំពោះការវាយប្រហារនេះ នឹងត្រូវពឹងផ្អែកលើសេចក្តីថ្លែងការណ៍សន្ធិសញ្ញា Warsaw អំពីអ្នកណាជាម្ចាស់នៃមីស៊ីលនោះ។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធភ្លាមៗចំពោះការវាយប្រហារដោយមីស៊ីលនេះ ដោយការបញ្ជាក់មកវិញថា របាយការណ៍ចោទប្រកាន់ដាក់រុស្ស៊ីនោះគឺជា "ការបង្កហេតុដោយចេតនា"។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា "មិនមានការវាយប្រហារណាមួយត្រូវ បានធ្វើឡើងប្រឆាំងនឹងគោលដៅនៅជិតព្រំដែនរដ្ឋអ៊ុយក្រែន - ប៉ូឡូញ ដោយអាវុធរុស្ស៊ីនោះឡើយ" ទោះបីជាការវាយប្រហារដោយមីស៊ីលរុស្ស៊ីជាច្រើនប៉ុន្មានម៉ោងមុននេះ បានបាញ់ ដាក់គោលដៅលើទីក្រុង Lviv ដែលជាទីក្រុងអ៊ុយក្រែន ស្ថិតចម្ងាយប្រហែល 62ម៉ាយ ភាគខាងត្បូង នៃក្រុងប្រឹសេវ៉ូដូវ (Przewodów) របស់ប៉ូឡូញ និងមានចម្ងាយ 50ម៉ាយពីព្រំដែន អ៊ុយក្រែននោះក៏ដោយ។

យោងតាមសារព័ត៌មានក្នុងស្រុក Radio Zet របស់ប៉ូឡូញបានបញ្ជាក់ឱ្យដឹងថា "យន្តហោះ យោធាប៉ូឡូញ ត្រូវបានត្រៀមក្នុងការវាយលុកទៅវិញ បើសិនជាមានការត្រូវឆ្លើយតបចំពោះ ការបាញ់មីស៊ីល២គ្រាប់នោះ។ ប្រទេសប៉ូឡូញបានថ្កោលទោសចំពោះសង្គ្រាមបង្កើតឡើងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងប៉ូឡូញបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ ក្នុងអំឡុងពេលដែលសង្គ្រាមបានចាប់ផ្តើមមកនោះ។ អតីតប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូឡូញ បាននិយាយថា យើងត្រូវរង់ចាំការពន្យល់លម្អិតអំពីស្ថានភាពនេះ។ លោកបានសន្មត់ថា «នេះ គឺជាឧប្បត្តិហេតុមួយ…ជាកំហុសមួយដែលបណ្តាលមកពីរុស្ស៊ីប្រើប្រភេទមីស៊ីលចាស់ហួសសម័យដែលមិនសូវមានភាពច្បាស់លាស់ ដាក់លើគោលដៅនៃការវាយប្រហារ»

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ឧប្បត្តិហេតុនេះគឺជា ការបង្កើនឡើងនូវភាពតានតឹង ដែលមិនត្រូវព្រងើយកន្តើយឡើយ។ លោកហ្សេឡិនស្គី បានថ្លែងថា ការបាញ់មីស៊ីលដាក់លើទឹកដីនៃអង្គការណាតូដោយគ្រាប់ មីស៊ីលរបស់រុស្ស៊ី គឺជាការបង្កើនឡើងនូវភាពតានតឹង ហើយដែលគេត្រូវតែចាត់វិធានការ។ លោកហ្សេឡិនស្គីបានថ្លែងថា លោកសូមអំពាវនាវដល់ប្រជាជនប៉ូឡូញជាបងប្អួន និងបញ្ជាក់ថាអ៊ុយក្រែនតែងតែគាំទ្រប៉ូឡូញជានិច្ច។ លោកបន្តថាប្រជាជននៃប្រទេសសេរី នឹងមិនត្រូវឱ្យមានអំពើភេរវកម្មបង្កផលប៉ះពាល់ឡើយ។ ការវាយប្រហារដាក់លើក្រុងគៀវ និងលើបណ្តាក្រុងនានានៃប្រទេសអ៊ុយក្រែន និងមានគ្រាប់ មីស៊ីលបានបាញ់ធ្លាក់លើទឹកដីប៉ូឡូញនេះ បានធ្វើឡើង មួយថ្ងៃបន្ទាប់ពីមានដំណើរទស្សន កិច្ចរបស់លោកហ្សេឡិនស្គី ចូលក្នុងក្រុង Kherson ដែលរុស្ស៊ីបានប្រកាសដកថយ និងនៅទី នោះផងដែរ លោកហ្សេឡិនស្គី បានប្រារព្ធទិវាជ័យជំនះលើក្រុង Kherson ដែលបង្កការខឹងសម្បារដល់រុស្ស៊ី។

សកម្មភាពមានគ្រាប់មីស៊ីលបាញ់ធ្លាក់លើទឹកដីប៉ូឡូញដែលការពារដោយអង្គការណាតូនេះ គឺជាហេតុការណ៍ថ្មីស្រឡាងមួយទៀត ខណៈដែលសង្គ្រាមអ៊ុយក្រែនកំពុងស្ថិតក្នុងសម្រុះ សម្រួលរវាងភាគីរុស្ស៊ីនិងអ៊ុយក្រែនដើម្បីការចង់បញ្ចប់សង្គ្រាមតាមរយៈការចរចា។ ក្នុងកិច្ចប្រជុំ G20 ដែលបានរៀបចំធ្វើលើកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី មេដឹកនាំអ៊ុយ ក្រែន លោកហ្សេឡិនស្គី បានថ្លែងតាមប្រព័ន្ធអនឡាញអំពាវនាវការជួយជំរុញរកការបញ្ចប់ សង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ ថ្លែងក្នុងកិច្ចប្រជុំ G20 កាលពីថ្ងៃអង្គារ៍ទី១៥ វិច្ឆិកា លោក ហ្សេឡិនស្គី បានបញ្ជាក់ថាពេលនេះគួរតែជាពេលវេលាដែលសង្រ្គាម អាចត្រូវបញ្ឈប់បានហើយៗការបញ្ឈប់សង្គ្រាមនឹងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់"។

លោកហ្សេឡិនស្គី បានថ្លែងថា «ខ្ញុំចង់ឱ្យសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនេះចប់ដោយយុត្តិធម៌ និងផ្អែកលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកបន្តថា អ៊ុយក្រែនមិនត្រូវបានគេស្នើឱ្យបញ្ចប់សង្គ្រាម ដោយការធ្វើសម្បទានជាមួយដែនបូរណភាព និងឯករាជ្យ។ លោកថា អ៊ុយក្រែនគោរពច្បាប់ និងអ៊ុយក្រែនគឺជាប្រជាជនដែលគោរពពាក្យសម្តី, អ៊ុយក្រែនគឺជាប្រទេសដឹកនាំមួយក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាព ហើយពិភពលោកគឺ ជាសាក្សីនៃទង្វើរបស់អ៊ុយក្រែន, ហើយប្រសិនណាបើរុស្ស៊ីនិយាយថាគេពិតជាចង់បញ្ចប់នូវ សង្គ្រាមនេះមែន សូមឱ្យរុស្ស៊ីបញ្ចេញសកម្មភាពបញ្ជាក់ការពិតរបស់ខ្លួនមក។ លោកថាពិត ប្រាកដណាស់ដែលថាគ្មានអ្នកណាម្នាក់ជឿទុកចិត្តនូវពាក្យសម្តីរបស់រុស្ស៊ីនោះឡើយ»

សម្តីស្វែងរកការបញ្ចប់សង្គ្រាម បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលG20 ដែលអវត្តមានមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន។ ក្នុងកិច្ចប្រជុំកំពូលG20 ក្នុងប្រទេសឥណ្ឌូណេស៊ីឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសៀរហ្គេ ឡារ៉ូហ្វ បានធ្វើជាអ្នកតំណាងប្រទេស។ លោកហ្សេឡិនស្គី ទោះបីជាបានអំពាវនាវចង់រកការបញ្ចប់សង្គ្រាម ប៉ុន្តែលោកបានប្រាប់អ្នកចូលរួមក្នុង កិច្ចប្រជុំនោះថាមិនត្រូវដាក់សំណើឱ្យអ៊ុយក្រែនត្រូវធ្វើសម្បទានទឹកដីនិងឯករាជ្យឱ្យរុស្ស៊ី ដើម្បីជាថ្នូរនៃការរកសន្តិភាពបញ្ចប់សង្គ្រាមនោះឡើយ។

ប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែ័រ ក្នុងសំណើដែលចង់បញ្ចប់សង្ក្រាម បានតម្រូវលក្ខខណ្ឌឱ្យអ៊ុយក្រែនត្រូវ «ទទួលស្គាល់ទឹកដីគ្រីមៀរ ទទួលស្គាល់ឯករាជ្យភាពសម្រាប់ក្រុម ផ្តាច់ខ្លួនដែលគ្រប់គ្រងក្នុងតំបន់ Luhansk និង Donetsk, អ៊ុយក្រែនត្រូវធ្វើ "ការរំសាយយោធា" និងបំបាត់ចោលអារ្យធម៌ណាស៊ីនិយម»។ ប៉ុន្តសំណើលក្ខខណ្ឌរបស់រុស្ស៊ីនោះ បានខុសនឹង ការដាក់លក្ខខណ្ឌរបស់អ៊ុយក្រែន។ អ៊ុយក្រែនបានបញ្ចេញលក្ខខណ្ឌ៥ «ការស្តារឡើងវិញនៃ បូរណភាពទឹកដី, ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ, សងនូវការខូចខាតរាល់ការបាត់ បង់ទាំងអស់ដែលបង្កដោយសារសង្គ្រាម, ការដាក់ទោសលើរាល់ឧក្រិដ្ឋជននីមួយៗ និងការធានាមិនឱ្យមានរឿងហេតុដូចនេះមានសាជាថ្មីទៀតឡើយ»