(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធនេះ គ្រាប់រ៉ុក្កែតអវកាសជំនាន់ថ្មីបំផុត របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះចេញពីផ្ទៃផែនដី ក្នុងការហោះហើរជាលើកដំបូងរបស់វា ដើម្បីបញ្ជូនយានអវកាសមួយគ្រឿង ដែលពុំមានផ្ទុកអវកាសយានិកឡើយ ឆ្ពោះទៅកាន់ឋានព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បេសកកម្មខាងលើ គឺជាការសម្ពោធចាប់ផ្តើម កម្មវិធីរុករកនៅឋានព្រះចន្ទសាជាថ្មី ហៅថា អាតេមីស (Artemis) របស់ណាសា (NASA) បន្ទាប់ពីបេសកកម្មចុងក្រោយបំផុត នៃកម្មវិធីរុករកឋានព្រះចន្ទជំនាន់មុន គឺអាប៉ូឡូ (Apollo) បានបញ្ចប់ទៅកាលពី៥០ឆ្នាំមុន។

កាលពីវេលាម៉ោង១៖៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធនេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) រ៉ុក្កែតអវកាស SLS ដែលមាន​កម្ពស់ស្មើនឹង អគារកម្ពស់៣២ជាន់ បានហោះឡើងចេញពីមជ្ឈមណ្ឌលអវកាសខេនណឺឌី (Kennedy Space Center) ដែលស្ថិតនៅជ្រោយខាណាវេរ៉ាល (Cape Canaveral) នៃរដ្ឋផ្លូរីដា (Florida) ដើម្បីបញ្ជូនយានអវកាសអូរីអន (Orion) ក្នុងបេសកកម្មសាកល្បងមួយ ដែលមានរយៈពេល៣សប្តាហ៍ ឱ្យទៅធ្វើដំណើរជុំវិញព្រះចន្ទហើយត្រឡប់មកវិញ ដោយគ្មានវត្តមានអវកាសយានិកជិះក្នុងនោះឡើយ។

បេសកកម្មសាកល្បងនេះ ត្រូវបានហៅថា អាតេមីស-វ័ន (Artemis-I) ហើយវាគឺជាការធ្វើតេស្តហោះហើររួមគ្នាលើកដំបូងបង្អស់ នៃគ្រាប់រ៉ុក្កែត SLS និងយាន Orion ដែលត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនប៊ូអ៉ីង (Boeing) និងក្រុមហ៊ុនឡុកឃីដម៉ាទីន (Lockheed Martin) នៅក្រោមកិច្ចសន្យាជាមួយទីភ្នាក់ងារអវកាសណាសា។

គួរបញ្ជាក់ថា កម្មវិធី Artemis មានគោលដៅនាំយកអវកាសយានិក ឱ្យទៅជាន់លើផ្ទៃព្រះចន្ទសាជាថ្មី ដែលបើឆាប់បំផុតគឺនៅខ្ទង់ឆ្នាំ២០២៥។ មានអវកាសយានិកចំនួន១២នាក់ សុទ្ធតែជាបុរសទាំងអស់ ដែលធ្លាប់បានដើរលើផ្ទៃព្រះចន្ទ កំលុងបេសកកម្មអាប៉ូឡូសរុបចំនួន៦ ចាប់ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧២។ ចំណុចខុសគ្នារវាងកម្មវិធី Apollo និងកម្មវិធី Artemis គឺកម្មវិធី Apollo កើតចេញមកពីការប្រកួត​ប្រជែងផ្នែកអវកាស រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីសម័យសង្រ្គាមត្រជាក់ ដោយមិនសូវជំរុញដោយ កិច្ចប្រឹងប្រែងស្រាវជ្រាវរុករកផ្នែកវិទ្យាសាស្រ្តឡើយ បើធៀបជាមួយកម្មវិធី Artemis៕