(វ៉ាស៉ីនតោន)៖ សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានអះអាងពីការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេ ចំពោះអ៊ុយក្រែន ក្នុងជំនួបពិភាក្សាគ្នានៅថ្ងៃពុធនេះ ដែលរួមបញ្ចូលទាំងករណីមីស៉ីលធ្លាក់ក្នុងទឹកដីប៉ូឡូញ និងបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានបញ្ជាក់ថា មេដឹកនាំទាំងពីរដែលបានជួបគ្នាក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៉ី នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការស៉ើបអង្កេត របស់ប៉ូឡូញអំពីការផ្ទុះដោយមីស៉ីល នៅថ្ងៃអង្គារសប្តាហ៍នេះ។ លោក បៃដិន បាននិយាយថា មីស៉ីលដែលបានសម្លាប់មនុស្សពីរនាក់ ក្នុងឧប្បត្តិហេតុនេះ ទំនងជាមិនបានបាញ់ចេញពីរុស្ស៉ីនោះទេ។

សារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រុមមន្រ្តីអាមេរិក ដែលបាននិយាយថា ការរកឃើញដំបូងបង្ហាញមីស៉ីល ដែលវាយប្រហារប៉ូឡូញ ត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែន ដើម្បីទប់ស្តាត់មីស៉ីលរបស់រុស្ស៊ី។

សេតវិមានបានឲ្យដឹងបន្ថែមថា លោក បៃដិន និងលោក ស៊ូណាក់ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារផលប្រយោជន៍នៃកិច្ចព្រមព្រៀង Belfast/Good Friday ជាមួយប្រទេសអៀរឡង់ខាងជើង ផងដែរ៕