(ប៉ារីស)៖ នាថ្ងៃពុធនេះ បារាំងបានចេញមុខទទូចឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ជុំវិញការកំណត់អំពីប្រភពនៃមីស៉ីល ដែលបានធ្លាក់ចំក្នុងទឹកដីរបស់ប៉ូឡូញ ដ្បិតប្រទេសជាច្រើននៅក្នុងតំបន់ គឺសុទ្ធមានអាវុធស្រដៀងៗគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ការិយាល័យប្រធានាធិបតីបារាំង បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជារឿងសមហេតុសមផល ដែលយើងដោះស្រាយបញ្ហានេះ ដោយប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់បំផុត។ ការស្គាល់ប្រភេទរបស់មីស៉ីល មិនមែនមានន័យថា យើងក៏ដឹងច្បាស់ភ្លាមៗអំពី អ្នកដែលនៅពីក្រោយការបាញ់ប្រើប្រាស់ពួកវាដែរនោះឡើយ។ នេះគឺជាបញ្ហាដែលយើងមិនចង់បង្កើតឱ្យមានកំហុសឆ្គងទេ»

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ប៉ូឡូញបានអះអាងថា មីស៉ីលមួយគ្រាប់ដែលទំនងជាផលិតដោយរុស្ស៉ី បានវាយប្រហារចំទឹកដីរបស់​ខ្លួន ហើយផ្តាច់ជីវិតពលរដ្ឋ២នាក់។ យោធាប៉ូឡូញ ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងជើងការខ្ពស់ជាងមុន ក្រោយទីក្រុងវ៉ាសូវី បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានកោះប្រជុំយ៉ាងប្រញាប់ ជាមួយសម្ព័ន្ធមិត្ត G7 ក្រោយទទួលបានដំណឹងនេះផងដែរ។

យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៉ីបានច្រានចោល ការអះអាងរបស់ប៉ូឡូញ ហើយបានចាត់ទុកវាថា គឺជាទង្វើបង្កហេតុ ដែលមានចេតនាបង្កើនភាពតានតឹងឱ្យកាន់តែខ្លាំង​ នៅក្នុងតំបន់។ ប៉ូឡូញគឺជាសមាជិករបស់ NATO ជាបក្សសម្ព័ន្ធយោធាលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក ដោយមាត្រាដ៏សំខាន់មួយរបស់ NATO កំណត់ថា ការវាយប្រហារលើសមាជិកណាមួយ គឺប្រៀបដូចជាការវាយប្រហារលើសមាជិកទាំងអស់៕