(នូសាឌូអា ឥណ្ឌូណេស៊ី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធនេះបានឆ្លើយតបទៅនឹងការប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកជាផ្លូវការ ពីសំណាក់លោក ដូណាល់ ត្រាំ ដោយនិយាយថាអតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកបរាជ័យ នៅក្នុងអាណត្តិដឹកនាំ ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងសារខ្លីមួយបង្ហោះលើ Twitter ចេញពីកោះបាលី ជាទីដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល G20 លោក បៃដិន បានសង្កត់ធ្ងន់ដូច្នេះថា «ដូណាល់ ត្រាំ បានធ្វើឱ្យ សហរដ្ឋអាមេរិកបរាជ័យ»។ សាររបស់លោក បៃដិន ក៏មានអមជាវីដេអូមួយដែលនិយាយដែរថា លោក ត្រាំ ដឹកនាំសេដ្ឋកិច្ចក្លែងក្លាយសម្រាប់ពួកអ្នកមាន វាយប្រហារការថែទាំសុខាភិបាល ជ្រុលនិយម វាយប្រហារសិទ្ធិស្ត្រី និងញុះញង់ឱ្យមានកុបកម្មដ៏ហិង្សាដើម្បីកែប្រែលទ្ធផលបោះឆ្នោតដែលបង្ហាញថារូបលោកចាញ់លោក បៃដិន កាលពីឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបង្កើតគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីមួយផងដែរ។ ថ្លែងនៅចំពោះមុខ អ្នកគាំទ្រនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋផ្ល័រីដា លោក ដូណាល់ ត្រាំ ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត នៅយប់នេះខ្ញុំប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក...ហើយខ្ញុំនឹងធានាឱ្យបានថាលោក ចូ បៃដិន នឹងមិនទទួលបានអាណត្តិ៤ឆ្នាំបន្ថែមទៀតនោះទេ»

លោក ចូ បៃដិន​ មានអាយុ ៧៩ឆ្នាំ មិនទាន់ប្រកាសជាផ្លូវការថានឹងឈរឈ្មោះបោះឆ្នោតម្ដងទៀត ឬក៏យ៉ាងនោះទេ តែសមាជិកគណបក្សប្រជាធិបតេយ្យខ្លះ បានអំពាវនាវឱ្យលោកកុំឈរឈ្មោះសាជាថ្មី ដោយសារបញ្ហាអាយុរបស់លោក៕