Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង ថាមិនទទួលបានព័ត៌មានពីការផ្ទុះនៅប៉ូឡូញ (Video inside)

16-11-2022 10:40

(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់សារព័ត៌មាន CNN ថា លោកនៅមិនទាន់ទទួលបានព័ត៌មានអំពីឧប្បត្តិហេតុ ដែលត្រូវបានអះអាងថាកើតឡើងនៅភាគខាងកើតប្រទេសប៉ូឡូញ នាថ្ងៃអង្គារនេះនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមក្រសួងការបរទេសប៉ូឡូញ មីស៊ីលមួយគ្រាប់បានធ្លាក់ចំភូមិ ផ្សេវ៉ូដូវ (Przewodow) ស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញ នៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន នៅម៉ោង៣៖៤០នាទីរសៀលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់។ ហើយអ៊ុយក្រែន និងប៉ូឡូញ អះអាងថា បណ្តាលមកពីមីស៊ីលដែលផលិតដោយរុស្ស៊ី។

ក្រោយកើតហេតុរដ្ឋាភិបាលប៉ូឡូញ បានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំ ប៉ុន្តែទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែនជាអ្នកបាញ់មីស៊ីលនេះឡើយ។ ប៉ុន្តែCNN បានដកស្រង់សម្តីលោក ប៉េសកូវ ដែលបាននិយាយយ៉ាងដូច្នេះថា «ជាអកុសលខ្ញុំមិនមានព័ត៌មានណាមួយអំពីរឿងនេះទេ»

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាមួយមេដឹកនាំ G7 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ព័ត៌មានដំបូងបង្ហាញថា ការផ្ទុះនេះវាប្រហែលជាមិនមែនបណ្តាលមកពីការបាញ់មីស៉ីលពីរុស្ស៊ីនោះទេ៕