(បាលី)៖ កំលុងកិច្ចប្រជុំកំពូល G20 នាថ្ងៃអង្គារនេះ នៅឯប្រទេសឥណ្ឌូណេស៉ី ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានព្រមានថា ពិភពលោកទាំងមូល គួរតែរួមគ្នាប្រកាន់ជំហរឱ្យម៉ឺងម៉ាត់ប្រឆាំងនឹង សកម្មភាពនានាដែលព្យាយាមប្រែក្លាយបញ្ហាស្បៀងអាហារ និងបញ្ហាថាមពល ឱ្យទៅជារឿងនយោបាយ ឬមួយក៏ប្រើប្រាស់ពួកវាធ្វើជាអាវុធឬឧបករណ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកប្រធានាធិបតីចិនបានលើកឡើងដូច្នេះថា «យើងត្រូវតែរួមគ្នាប្រឆាំងឱ្យម៉ឹងម៉ាត់ ចំពោះយកបញ្ហាស្បៀងអាហារនិងថាមពល ធ្វើជាអាវុធ ជាឧបករណ៍ ឬប្រែក្លាយពួកវាទៅជារឿងនយោបាយ»។ លោក ស៉ី ជិនពីង ក៏បានបន្ថែមទៀតថា សន្តិសុខស្បៀងអាហារនិងថាមពល គឺជាបញ្ហាប្រឈមដ៏ចម្បងបំផុតមួយ នាពេលបច្ចុប្បន្ននៅក្នុងការអភិវឌ្ឍរបស់សកលលោក។
គួរបញ្ជាក់ថា សព្វថ្ងៃពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ និងថាមពលកាន់តែខ្លាំង ចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈសង្រ្គាមដែលអូសបន្លាយជាង៨ខែមកហើយនេះ បាននិងកំពុងធ្វើឱ្យតម្លៃស្បៀងអាហារ និងថាមពលកើនឡើងខ្ពស់៕