(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីរបស់ប្រទសប៉ាគីស្ថាន លោក សេបាស់ សារីហ្វ (Shehbaz Sharif) បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ ១៩។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោកស្រី ម៉ារីយុម អ៊ូរំាងហ្ស៉ីប (Marriyum Aurangzeb) បានសរសេរនៅលើ Twitter នាថ្ងៃអង្គារនេះថា លោក សេបាស់ សារីហ្វ បានត្រឡប់មកពីទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះ ជាកន្លែងដែលលោកទៅសួរសុខទុក្ខ បងប្រុសរបស់លោក ដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រី គឺលោក ណាវ៉ាស់ សារីហ្វ (Nawaz Sharif)។ លោកនាយករដ្ឋមន្រ្តី មានអាការៈមិនស្រួលខ្លួនអស់រយៈពេលពីរថ្ងៃមកហើយ។ ក្រោយការធ្វើតេស្ត វេជ្ជបណ្ឌិតបញ្ជាក់ថា លោក បានឆ្លងកូវីដ ១៩។

គួរបញ្ជាក់ថា នេះជាលើកទីបីហើយដែល លោក សេបាស់ សារីហ្វ ឆ្លងកូវីដ ១៩ ដោយកាលពីខែមិថុនា ឆ្នាំ២០២០ និងខែមករា ដើមឆ្នាំ២០២២នេះ លោកធ្លាប់បានធ្វើតេស្តមានវិជ្ជមានកូវីដ ១៩ ពីរដងរួចមកហើយ៕