(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបទល់មុខផ្ទាល់លើកដំបូង រវាងមេដឹកនាំចិន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក ថាបញ្ហាកោះតៃវ៉ាន់គឺជា បញ្ហាចម្បងជាងគេបំផុតនៃផលប្រយោជន៍​ស្នូល​របស់ប្រទេសចិន ហើយជា «ខ្សែបន្ទាត់ក្រហមដំបូងបង្អស់» នៅក្នុងចំណងទាក់ទងទ្វេភាគី ដែលមិនត្រូវឈានជើងឆ្លងកាត់ជាដាច់​ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំទ្វេភាគីខាងលើ ដែលបានប្រព្រឹត្តទៅនៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី និងជាជំនួបទល់មុខគ្នាលើកដំបូងរវាង​អ្នកទាំងពីរ គិតចាប់តាំងលោក បៃដិន បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២១មក លោក ស៉ី ជិនពីង បានទទូចឱ្យមេដឹកនាំអាមេរិករូបនេះ ប្រែក្លាយពាក្យសម្តីប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះទីក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានោះ លោកប្រធានាធិបតីចិន ក៏បានលើកឡើងយ៉ាងដូច្នេះផងដែរថា «បញ្ហាកោះតៃវ៉ាន់ គឺជារឿងដ៏សំខាន់ជាទីបំផុត នៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាសសរគ្រឹះនៃមូលដ្ឋាននយោបាយ សម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ហើយជាខ្សែបន្ទាត់ក្រហមដំបូងគេ ដែលមិនត្រូវឆ្លងកាត់ជាដាច់ខាត ក្នុងចំណងទាក់ទងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន»

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន ខណៈប៉ុន្មានឆ្នាំចុងក្រោយមកនេះ សហរដ្ឋអាមេរិក ត្រូវបានចិនចោទប្រកាន់ជារឿយៗថា លើកទឹកចិត្តដល់ចលនាស្វែងរកឯករាជ្យរបស់តៃវ៉ាន់៕