(វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក ហៅកាត់ថា CIA បានព្រមានរុស្ស៊ីប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក បៃដិន ដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងសង្គ្រាមនៅអ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបប្រជុំទល់មុខគ្នាជាមួយ លោក សឺហ្គៃ ណារីសគីន (Sergei Naryshkin) ប្រធានទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៉ី នៅឯប្រទេសតួកគី កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក វីលៀម ជេ បឺនស៍ (William J. Burns) ប្រមុខ CIA បានកត់សម្គាល់ថា កិច្ចប្រជុំនេះមិនមែនជាការប៉ុនប៉ងចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមទេ ព្រោះគ្មានការចរចាសន្តិភាពណាមួយ នឹងត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពីរដ្ឋាភិបាលអ៊ុយក្រែននោះឡើយ។ ផ្ទុយទៅវិញ ការពិភាក្សាត្រូវបានផ្តោតស្ទើរតែទាំងស្រុង លើការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរ។

មេដឹកនាំអាមេរិក និងអឺរ៉ុប មានគោលដៅរក្សាស្ថានការណ៍សង្រ្គាមដែលមានចំពោះអ៊ុយក្រែន និងរារាំងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬអាវុធប្រល័យលោកផ្សេងទៀត។

គួរបញ្ជាក់ថា ជំនួបរវាងប្រមុខទីភ្នាក់ងារចារកម្មទាំងពីរនាពេលនេះ គឺជាជំនួបផ្ទាល់កម្រិតខ្ពស់បំផុតរវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងអាមេរិក ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។ ហើយវាបានកើតឡើងក្រោយពេលដែល រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនថាមានផែនការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ដោយមន្ត្រីអាមេរិកខ្លះគិតថា ការចោទប្រកាន់នេះអាចមានគោលបំណងបង្កើតលេស ដើម្បីប្រើអាវុធនុយក្លេអ៊ែរ៕