(ប៉ាលី)៖ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោក រួមទាំងការបន្ធូរបន្ថយបំណុល សន្តិសុខសុខភាព និងសន្តិសុខស្បៀងពិភពលោក ព្រោះនោះជាអ្វីដែលសហគមន៍អន្តរជាតិរំពឹងទុក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមាន នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២២។
មេដឹកនាំទាំងពីរក៏បានឯកភាពផ្តល់អំណាចដល់មន្ត្រីជាន់ខ្ពស់សំខាន់ៗ ដើម្បីរក្សាទំនាក់ទំនង និងពង្រឹងកិច្ចខិតខំប្រឹងប្រែងស្ថាបនាឱ្យស៊ីជម្រៅលើបញ្ហាទាំងនេះ និងបញ្ហាផ្សេងៗទៀតផងដែរ។
ប្រមុខដឹកប្រទេសមហាអំណាចទាំងពីរ បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីដោះស្រាយបញ្ហាជាក់លាក់ នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ហើយបានលើកទឹកចិត្តឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងយន្តការដែលមានស្រាប់ទាំងនេះ រួមទាំងតាមរយៈក្រុមការងាររួម។ ពួកគេក៏បានកត់សម្គាល់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជននៃសហរដ្ឋអាមេរិក និងសាធារណៈចិនផងដែរ៕