(កៀវ)៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងខឺសុន (Kherson) ហើយថ្លែងសុន្ទរកថាចំពោះមុខកងទ័ពនៅទីនោះ បន្ទាប់ពីកងកម្លាំងរុស្ស៉ីត្រូវបានបង្ខំឱ្យដកថយចេញពី ទីក្រុងភាគខាងត្បូងមួយនេះ កាលពីប៉ុន្មានថ្ងៃមុន ក្រោយការត្រួតត្រាគ្រប់គ្រងអស់រយៈពេលជាច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងបន្តឆ្ពោះទៅមុខ។ ពួកយើងត្រៀមលក្ខណៈជាស្រេច សម្រាប់សន្តិភាព, សន្តិភាពសម្រាប់ប្រទេសរបស់យើង» ហើយលោកក៏បានឆ្លៀតឱកាសនោះ អរគុណដល់អង្គការណាតូ (NATO) ព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតផងដែរ សម្រាប់ការគាំទ្ររបស់ពួកគេ នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការប្រគល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ពីសំណាក់សហរដ្ឋអាមេរិក បានចូលរួមចំណែកយ៉ាងសំខាន់។
នៅពេលដែលត្រូវក្រុមអ្នកសារព័ត៌មានសាកសួរថាតើ កងកម្លាំងអ៊ុយក្រែនប្រហែលនឹង បន្តរុលឆ្ពោះទៅកាន់កន្លែងណាទៀតនោះ លោក ហ្សេលេនស្គី បានឆ្លើយតបយ៉ាងដូច្នេះថា «មិនមែនទីក្រុងមូស្គូទេ ព្រោះយើងមិនចាប់អារម្មណ៍លើ ទឹកដីរបស់ប្រទេសដទៃនោះឡើយ»។
គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានចូលដល់ កណ្តាលទីក្រុងខឺសុន (Kherson) កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកងកម្លាំងរបស់រុស្ស៉ី បានបោះបង់ចោលទីក្រុងនេះវិញ។ ទីក្រុងខឺសុន គឺជារដ្ឋធានីប្រចាំតំបន់តែមួយគត់ ដែលរុស្ស៉ីដណ្តើមកាន់កាប់យកបាន គិតចាប់តាំងពីខ្លួនបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំនេះមក៕