(ហ្សាការតា)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានចាប់ដៃដោយទឹកមុខញញឹមរាក់ទាកគ្នា ដើម្បីបើកកិច្ចប្រជុំទ្វេភាគី នាថ្ងៃចន្ទនេះនៅឯកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី ខណៈវាគឺជាជំនួបទល់មុខគ្នាផ្ទាល់លើកដំបូងបំផុត សម្រាប់មេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ជំនួបទល់មុខខាងលើកើតមានឡើង ស្របពេលកំពូលមហាអំណាចទាំងពីរ ព្យាយាមទប់ស្កាត់កុំឱ្យទំនាក់ទំនាក់ បន្តធ្លាក់ចុះដុនដាប កាន់តែអាក្រក់ថែមទៀត ព្រមទាំងកាត់បន្ថយហានិភ័យនៃការផ្ទុះសង្រ្គាម ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលកំពុងជាបញ្ហាប្រឈមដ៏ក្តៅគគុកបំផុត រវាងសហរដ្ឋអាមេរិកហើយនិងចិន។ ក្រៅពីនេះ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ក៏តានតឹងខ្លាំងផងដែរ ចំពោះមុខការបាញ់តេស្តមីស៉ីលច្រើនមិនធ្លាប់មាន ក្នុងឆ្នាំនេះដោយកូរ៉េខាងជើង រួមជាមួយក្តីបារម្ភអំពី ការសាកល្បងបំផ្ទុះនុយក្លេអ៊ែរសាជាថ្មី។
កាលពីថ្ងៃអាទិត្យកន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា ជំនួបរវាងលោក បៃដិន និងលោក ស៉ី អាចមានរយៈពេលប្រហែលប៉ុន្មានម៉ោង ហើយកំលុងពេលនោះ លោកប្រធានាធិបតីអាមេរិក នឹងបញ្ជាក់ប្រាប់ភាគីចិនយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៉ីនតោនត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ជាមួយទីក្រុងប៉េកាំង ប៉ុន្តែមិនចង់ឱ្យផ្ទុះជាជម្លោះឡើយ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានបន្តថា វានឹងឱកាសលើកដំបូង ដែលលោក បៃដិន បានអង្គុយនិយាយទល់មុខគ្នាផ្ទាល់ ក្នុងនាមជាប្រធានាធិបតីអាមេរិក ជាមួយលោក ស៉ី ជិនពីង ហើយលោកចង់ក្តាប់យកឱកាសដ៏ល្អនេះ ដើម្បីបង្ហាញចេញឱ្យច្បាស់ៗ នូវអាទិភាពចម្បងៗរួមទាំងចេតនារបស់លោកផ្ទាល់ ក៏ដូចជាដើម្បីទទួលស្តាប់ការបង្ហាញចេញដូចគ្នា ពីសំណាក់លោក ស៉ី ជិនពីង។
ដោយឡែក នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន ក៏បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនងទ្វេភាគីចិន-អាមេរិក នឹងអាចឆ្ពោះទៅរកភាពប្រសើរឡើងជាងមុនផងដែរ ក្រោយការជួបពិភាក្សាគ្នា នៅថ្ងៃនេះរវាងលោក ស៉ី និងលោក បៃដិន។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក និងលោកប្រធានាធិបតីចិន បានទៅដល់កោះបាលី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងបើកធ្វើនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ក្រោមការរៀបចំរបស់ប្រទេសឥណ្ឌូណេស៉ី ដែលត្រូវជាប្រធានប្តូរវេន G20 ឆ្នាំនេះ៕