(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងកាន់តែរួបរួមគ្នា ជាងពេលណាៗទាំងអស់» ពាក់ព័ន្ធនឹងអាកប្បកិរិយាបង្កហេតុរបស់កូរ៉េខាងជើង ហើយប្រទេសទាំង៣ នឹងចាត់វិធានការឆ្លើយតបរួមគ្នាប្រសិនបើទីក្រុងព្យុងយ៉ាង ធ្វើតេស្ដ អាវុធនុយក្លេអ៊ែរជាលើកទី៧។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្រោយកិច្ចប្រជុំត្រីភាគី នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ិដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល លោក ចូ បៃដិន បានហៅប្រទេសទាំង៣ថាជា «សម្ព័ន្ធមិត្តដ៏សំខាន់» ដែលចែករំលែកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការធ្វើតេស្ដមីស៉ីលពីសំណាក់កូរ៉េខាងជើង។

មេដឹកនាំទាំង៣ បានចេញសេចក្តីថ្លែងការណ៍រួមដោយការសារទរចំពោះ «កម្រិតនៃការសម្របសម្រួលត្រីភាគីដែលមិនធ្លាប់មានពីមុនមក» ដែលសម្រេចបាន ហើយបាន សន្យាថានឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ជាពិសេសក្នុងវិស័យសន្តិសុខ។ លោក បៃដិន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពារសម្ព័ន្ធមិត្តទាំងពីរផងដែរ។

ក្រៅពីនោះ លោក បៃដិន បាននិយាយថា លោកក៏បានពិភាក្សាជាមួយលោក យូន និងលោក គីស៉ីដា អំពីការពង្រីកការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមជាមួយរុស្ស៊ី ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងធ្វើការឆ្ពោះទៅរក «គោលដៅរួមនៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ ធ្លាប់បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា មេដឹកនាំទាំងបីគ្រោងនឹង សម្របសម្រួលការឆ្លើយតបរួមគ្នា ប្រសិនបើកូរ៉េខាងជើងអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំ៧ ពិតមែននោះ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ៕