(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃចន្ទនេះ បានធ្វើការអត្ថាធិប្បាយអំពីក្តីរំពឹងរបស់ទីក្រុងប៉េកាំង សម្រាប់ជំនួបទ្វេភាគីរវាងប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃចន្ទនេះ លើកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី មុនកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បាននិយាយថា «យើងប្តេជ្ញាចំពោះការសម្រេចឱ្យបាននូវ ការគោរពគ្នាទៅវិញទៅមក ការរស់នៅជាមួយគ្នាដោយសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទន្ទឹមគ្នាយើងក៏ប្តេជ្ញាផងដែរ ចំពោះការការពារយ៉ាងរឹងមាំ នូវអធិបតេយ្យ សន្តិសុខ ក៏ដូចជា ផលប្រយោជន៍នៃការអភិវឌ្ឍរបស់យើង»។
អ្នកនាំពាក្យចិនរូបនេះបានបន្តថា «ចិនតែងតែចាត់ទុក និងកសាងទំនាក់ទំនងជាមួយអាមេរិក ស្របទៅតាមគោលការណ៍សំខាន់ៗ ៣ នោះគឺការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងការធ្វើកិច្ចសហប្រតិបត្តិការលក្ខណៈឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតី លោក ស៉ី ជិនពីង ព្រមទាំងព្យាយាមជានិច្ច លើកកម្ពស់និងសាងសង់ផ្លូវត្រឹមត្រូវ សម្រាប់ឱ្យចិននិងអាមេរិក អាចត្រូវរ៉ូវគ្នាក្នុងយុគសម័យថ្មីនេះ»។
ជាចុងក្រោយ បើតាមលោកស្រី ម៉ាវ ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិកនិងចិន នឹងអាចឆ្ពោះទៅមុខក្នុងទិសដៅតែមួយដូចគ្នា ក៏ដូចជាដោះស្រាយការខ្វែងគំនិតដោយមធ្យោបាយសមស្រប ព្រមទាំងលើកស្ទួយកិច្ចសហប្រតិបត្តិការ ដែលជាប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក ហើយទន្ទឹមគ្នាភាគីទាំងពីរនឹងអាចចៀសវាង ពីការយល់ខុសនិងការគណនាខុសទាំងឡាយ ព្រមទាំងលើកកម្ពស់ឱ្យទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ត្រឡប់ឆ្ពោះទៅរកគន្លងផ្លូវ នៃការអភិវឌ្ឍយ៉ាងល្អប្រសើរ និងមានស្ថិរភាព។
គួរបញ្ជាក់ថា ជំនួបទ្វេភាគីរវាងលោក ស៉ី ជិនពីង និងលោក ចូ បៃដិន នៅឥណ្ឌូណេស៉ី នឹងជាជំនួបទល់មុខគ្នាដោយផ្ទាល់ដំបូងបំផុត រវាងមេដឹកនាំប្រទេសកំពូលមហាអំណាចទាំងពីរ គិតចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំមុនមក៕