(សិង្ហបុរី)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប (EU) គួរតែពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយសមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៏ ហៅកាត់ថា អាស៊ាន (ASEAN) ដោយលើកឡើងពីសារៈសំខាន់ ចំពេលប្រឈមមុខនឹងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមធុរកិច្ច នៅប្រទេសសិង្ហបុរី លោក សូលហ៍ បានថ្លែងថា លោកសង្ឃឹមថានឹងអាចឃើញ វឌ្ឍនភាពឆាប់រហ័ស ក្នុងកិច្ចចរចាពាណិជ្ជកម្មរបស់ EU ជាមួយអូស្ត្រាលី ឥណ្ឌា និងឥណ្ឌូណេស៊ី ហើយនៅតែបើកចំហចំពោះ កិច្ចព្រមព្រៀងថ្មីៗលើសពីនោះ។

លោក សូលហ៍ ដែលនឹងធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៊ីផងដែរនោះ បានគូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការស៊ីជម្រៅគឺមានសារៈសំខាន់ ពីព្រោះយើងទាំងអស់គ្នាមានអារម្មណ៍ថា ដីទីតាំងភូមិសាស្ត្រនយោបាយ ដែលស្ថិតនៅក្រោមជើងរបស់ពួកយើង គឺកំពុងតែមានការផ្លាស់ប្តូរ»

គួរបញ្ជាក់ថា អាល្លឺម៉ង់ ចង់កាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួន លើដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួនគឺប្រទេសចិន បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយការថយចុះនៃការផ្គត់ផ្គង់ថាមពលដល់តំបន់អឺរ៉ុប បានរំលេចឱ្យឃើញយ៉ាងច្បាស់ពីហានិភ័យ នៃការពឹងផ្អែកលើតែមួយប្រទេស៕