(បាលី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយថា រូបលោកនឹងជួបពិភាក្សគ្នាទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី នាថ្ងៃអង្គារនេះ ខណៈវានឹងជាជំនួបលើកដំបូងបង្អស់ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្រោយការធ្លាក់ដុនដាបនៃទំនាក់ទំនង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលមកដល់កោះបាលី នៅថ្ងៃចន្ទនេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូល G20 លោក អាល់បានីស បាននិយាយដូច្នេះថា «យើងបោះជំហានដើរចូលកិច្ចពិភាក្សានេះ ដោយសុឆន្ទៈ និងមិនមានកំណត់បុរេលក្ខខណ្ឌអ្វីទាំងអស់។ ខ្ញុំទន្ទឹងរង់ចាំ​​កិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយលោក ស៉ី ជិនពីង នៅថ្ងៃស្អែក»។

មេដឹកនាំអូស្រ្តាលីនិងចិន មិនធ្លាប់មានកិច្ចពិភាក្សាទ្វេភាគី ជាលក្ខណៈផ្លូវការនោះឡើយ ក្នុងរយៈពេលប្រមាណជា ៥ឆ្នាំមកនេះ។ កាលពីកំលុងកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន ឆ្នាំ២០១៩ លោក ស្កុត ម៉ូរីសុន (Scott Morrison) ដែលកាលនោះជានាយករដ្ឋមន្រ្តីអូស្រ្តាលី បានជួបជជែកគ្នាមួយភ្លែតជាមួយលោក ស៉ី ជិនពីង។ រីឯកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក អាល់បានីស ក៏បានជួបនិយាយលក្ខណៈក្រៅផ្លូវដូចគ្នា ជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang) កំលុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ចិននៅតែបន្តជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្រ្តាលីដដែល ប៉ុន្តែទំនាក់ទំនងទ្វេភាគីវិញ គឺបានចាប់ផ្តើមជួបភាពល្អក់កករ ដោយសារបញ្ហាវិវាទជុំវិញឥទ្ធិពលនិងអាប្បកិរិយារបស់ចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិក ហើយក៏បានឈានដល់ការដួលរលំទាំងស្រុងតែម្តង បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមាន ការស៉ើបអង្កេតលើប្រភពដើមនៃវិបត្តិជំងឺកូវីដ១៩។ យ៉ាងណាក្តីចាប់តាំងពីលោក អាល់បានីស បានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំនេះ អូស្រ្តាលីបានបង្ហាញសញ្ញាជាច្រើនលើក អំពីបំណងចង់ស្វែងរកការចរចាគ្នា ដើម្បីស្តារទំនាក់ទំនងឡើងវិញជាមួយចិន៕