Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៉ី រំពឹងថា G20 នឹងសម្រេចបាននូវរបៀបវារៈ នៃការដោះស្រាយវិបត្តិសេដ្ឋកិច្ចសកល (Video inside)

14-11-2022 14:19

(ហ្សាកាតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូល G20 ដែលឥណ្ឌូណេស៉ីជាម្ចាស់ផ្ទះ រំពឹងថានឹងផ្តល់ភាពជាដៃគូជាក់ស្តែង ដែលអាចជួយដល់សេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយ លោក បៃដិន នៅឯកោះបាលី មុនពេលចាប់ផ្តើមកិច្ចប្រជុំ G20 លោក វីដូដូ បានគូសបញ្ជាក់ថា «យើងសង្ឃឹមថា G20 នឹងផ្តល់ភាពជាដៃគូជាក់ស្តែង ដែលអាចជួយពិភពលោកក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនបាន»

គួរបញ្ជាក់ថា កិច្ចប្រជុំ G20 ឆ្នាំ២០២២នេះ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ វិច្ឆិកា ជាពេលដែលបណ្តាមេដឹកនាំជាសមាជិក នឹងជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីការរក្សាស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់សកលលោក។ សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕