(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ជេនេត យេលិន (Janet Yellen) បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ចេញនូវទណ្ឌកម្មថ្មី លើបណ្តាញបុគ្គលនិងក្រុមហ៊ុនឆ្លងដែន ដែលបាននិងកំពុងធ្វើការដើម្បីទិញបច្ចេកវិទ្យាយោធា សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅខាងក្រៅកិច្ចប្រជុំ G20 នៅឯកោះបាលី លោកស្រី យេលិន បានប្រាប់អ្នកសារព័ត៌មានថា ទណ្ឌកម្មនឹងកំណត់គោលដៅបុគ្គលចំនួន១៤ និងអង្គភាពចំនួន២៨ រួមទាំងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលពួកគេស្ថិតនៅឡើយ។ ហើយការប្រកាសត្រូវបានកំណត់ពេល នៅក្រោយថ្ងៃចន្ទនេះ។

លោកស្រី យេលិន បានគូសបញ្ជាក់ថា «នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់យើង ដើម្បីបង្អាក់ដំណើរការធ្វើសង្រ្គាមរបស់រុស្ស៉ី តាមរយៈការដាក់ទណ្ឌកម្មនិងការត្រួតពិនិត្យការនាំចេញ លើឧបករណ៍ដែលរុស្ស៉ីត្រូវការ»

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាសំខាន់ៗ នៅក្នុងប្រទេសរុស្ស៊ី ហើយក្រសួងពាណិជ្ជកម្មបានកាត់ផ្តាច់ការនាំចេញសមាសធាតុផលិតដោយអាមេរិក និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រើនៅក្នុងផ្នែករឹងយោធាមួយចំនួនរបស់រុស្ស៊ី ខណៈសកម្មភាពទាំងនេះកំពុងជះផលវិជ្ជមានលើសមរភូមិអ៊ុយក្រែន៕