(អ៉ីស្តង់ប៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ប៉ូលិសតួកគីចាប់ខ្លួនបានជនសង្ស័យម្នាក់ហើយ ក្រោយការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងអ៉ីស្តង់ប៊ូល ដែលបណ្តាលឲ្យមានមនុស្ស៦នាក់ស្លាប់ និង៨១នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al-Jazeera នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក ស៊ូឡេម៉ាន់ សយលូ (Suleyman Soylu) បានប្រាប់ទីភ្នាក់សារព័ត៌មាន Anadolu ឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនសង្ស័យគឺជាអ្នកដែលបានទុកគ្រាប់បែក ដែលបណ្តាលឲ្យមានការផ្ទុះនៅលើផ្លូវដ៏មមាញឹកនៃទីក្រុងដ៏ធំរបស់តួកគី។

ក្រោយមករដ្ឋមន្រ្តីយុត្តិធម៌តួកគី លោក បេគៀ ប៊ូសដាក (Bekir Bozdag) បានប្រាប់ទូរទស្សន៍ A Haber របស់ប្រទេសតួកគី ថា ជនសង្ស័យជាស្ត្រី ត្រូវបានគេឃើញអង្គុយនៅលើកៅអីមួយ នៅលើផ្លូវអ៉ីស្ទីកាល់ អាវិននូ (Istiklal Avenue) អស់រយៈពេលជាង៤០នាទី។ ហើយការផ្ទុះបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីនាងក្រោកឡើង។ យន្តការនៃការបំផ្ទុះអាចជាការដាក់គ្រាប់បែកក្នុងកាបូប ឬមាននរណាម្នាក់បំផ្ទុះពីចម្ងាយ។

ក្រុមមន្ត្រីតួកគីជឿថា ជនសង្ស័យគឺជាសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ ហើយនៅមានយុវជនពីរនាក់ទៀតជាប់ពាក់ព័ន្ធក្នុងករណីនេះ។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះដ៏សម្បើមមួយដែលត្រូវបានបញ្ជាក់ថាជាការវាយប្រហារបំផ្ទុះគ្រាប់បែក បានកើតឡើងនៅម៉ោង ៤៖២០នាទីរសៀល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវនោះទេ៕