(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ បានចោទប្រកាន់ទាហានរុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅតំបន់ខឺសុន (Kherson) ដែលផ្នែកខ្លះត្រូវបានទាហានអ៊ុយក្រែនដណ្តើមមកវិញកាលពីសប្តាហ៍មុន ក្រោយរុស្ស៊ីដកទ័ព។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសុន្ទរថាតាមវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ក្រុមស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០រួចហើយ។ សាកសពជនស៊ីវិល និងទាហានដែលស្លាប់ត្រូវបានរកឃើញ។ កងទ័ពរុស្ស៉ីបានបន្សល់ទុកនូវភាពព្រៃផ្សៃដូចគ្នា ដែលធ្លាប់បានធ្វើនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសរបស់លោក កំលុងពេលពួកគេចូលកាន់កាប់»

មន្រ្តីក្នុងតំបន់ បាននិយាយថា ក្រុមហ៊ុនអគ្គិសនីនៅតំបន់ខឺសុន ភាគខាងត្បូង កំពុងធ្វើការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរងការខូចខាត ពីការជីកយករ៉ែរបស់កងទ័ពរុស្ស៉ីដែលបាន បន្សល់ទុកផ្ទះជាច្រើនឲ្យគ្មានអគ្គិសនី និងទឹកប្រើប្រាស់។

គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានចូលដល់កណ្តាលទីក្រុងខឺសុន កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រទេសរុស្ស៊ីបានបោះបង់ចោលរដ្ឋធានីក្នុងតំបន់តែមួយគត់
ដែលខ្លួនកាន់កាប់ចាប់តាំងពីទីក្រុងមូស្គូបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ៕