(ហ្សាការតា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តបើកចំហបណ្ដាញទំនាក់ទំនង ហើយមិនចង់មានជម្លោះជាមួយនឹងចិនឡើយ មុននឹងលោកផ្ទាល់ត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងជំនួបទល់មុខនៅឯកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើង បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រោយចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំអាស៊ីបូព៌ា ក្នុងប្រទេសកម្ពុជា។ លោក បៃដិន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងប្រកួត ប្រជែងយ៉ាងពេញទំហឹងជាមួយចិន ខណៈធានាឱ្យបានថាការប្រកួតប្រជែងនេះនឹងមិនផ្ទុះទៅជាជម្លោះទេ»

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ចូ​ បៃដិន នឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងជំនួបទល់មុខនៅថ្ងៃចន្ទនេះ នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ហើយនេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក៕