(អ៉ីស្ដង់ប៊ូល)៖ មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង៨១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមួយ នៅចំកណ្ដាលទីក្រុងអ៉ីស្ដង់ប៊ូល ខណៈលោកប្រធានាធិបតី តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) សង្ស័យថានេះអាចជាទង្វើភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅមុនចេញដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ី លោក អឺដូហ្កាន់ បានសន្យាថានឹងស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយ ការវាយប្រហារនេះមកកាត់ទោសតាមច្បាប់។ លោក អឺដូហ្កាន់ បានបញ្ជាក់ដូច្នេះថា «ប្រជាជនរបស់យើងអាចនឹងទុកចិត្តបានថាអ្នកប្រព្រឹត្តការវាយប្រហារនឹងត្រូវបានយក មកកាត់ទោស ឱ្យសមនឹងទង្វើរបស់ពួកគេ»

គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី ក្នុងទីក្រុងអ៉ីស្តង់ប៊ូល ហេតុការណ៍ផ្ទុះដ៏សម្បើមមួយដែលត្រូវបានបញ្ជាក់ថាជាការវាយប្រហារបំផ្ទុះគ្រាប់បែក បានកើតឡើងនៅម៉ោង ៤៖២០នាទីរសៀល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ហើយមិនទាន់មានក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវនោះទេ៕