(មូស្គូ)៖ រុស្ស៊ីបានអំពាវនាវឱ្យបណ្តាប្រទេស G20 ជៀសវៀងការនិយាយអំពីសន្តិសុខ ដោយផ្តោតលើបញ្ហាសេដ្ឋកិច្ចសង្គម ដែលជាបញ្ហាដ៏សំខាន់បំផុតរបស់ពិភពលោកជំនួសវិញ មុនពេលកិច្ចប្រជុំកំពូលដែលត្រូវបានគេរំពឹងថា បណ្តាប្រទេសលោកខាងលិចនឹងយកវេទិកានេះ រិះគន់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុម G20 ដែលជាក្រុមសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ដែលគ្រប់គ្រងច្រើនជាង ៨០%នៃផលិតផលក្នុងស្រុកសរុបពិភពលោក គ្រោងនឹងជួបប្រជុំគ្នានៅលើកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះ ដោយមេដឹកនាំលោកខាងលិចទាំងនោះ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងដែរនោះរំពឹងថា នឹងប្រើប្រាស់វេទិកាដ៏ល្បីនេះ ដើម្បីរិះគន់រុស្ស៊ីជាសាធារណៈជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញមុនកិច្ចប្រជុំកំពូល ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា វាមានសារៈសំខាន់ជាមូលដ្ឋាន ដែលក្រុមប្រទេស G20 ផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន លើការគំរាមកំហែងពិតប្រាកដ ជាជាងការស្រមើស្រមៃ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «យើងជឿជាក់ថា G20 ត្រូវបានអំពាវនាវឱ្យដោះស្រាយបញ្ហាសេដ្ឋកិច្ច-សង្គម។ ការពង្រីករបៀបវារៈទៅក្នុងវិស័យសន្តិភាព និងសន្តិសុខ ដែលប្រទេសជាច្រើនកំពុងនិយាយ គឺមិនអាចទៅរួចនោះទេ។ នេះនឹងជាការញុះញង់ដោយផ្ទាល់នៅលើ អាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសនៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការនៅក្នុង G20»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ី ទៅចូលរួមកិច្ចប្រជុំកំពូល G20 ជាលើកដំបូង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ បន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន រវល់ពេកក្នុងការចូលរួមកិច្ចប្រជុំនេះ៕