(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញឱ្យមានការកើនឡើងផ្នែកយោធានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Sergei Lavrov បាននិយាយបែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជា ហើយមុនពេលហោះហើរទៅកាន់កោះបាលីសម្រាប់កិច្ចប្រជុំកំពូល G20 ដែលមេដឹកនាំចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបគ្នានៅទីនោះ។

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្រួយបារម្ភពីកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ដែលខ្លួនចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន។

លោក Lavrov បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញឱ្យមានការកើនឡើងផ្នែកយោធានៅក្នុងតំបន់ ដែលមានគោលបំណងយ៉ាងច្បាស់លាស់ ក្នុងការទប់ស្កាត់ប្រទេសចិន និងកំណត់ផលប្រយោជន៍រុស្ស៊ីនៅក្នុងតំបន់។

គួរបញ្ជាក់ថា ក្តីកង្វល់របស់អន្តរជាតិជាច្រើនបានគ្របដណ្ដប់លើ កិច្ចប្រជុំកំពូលថ្នាក់តំបន់នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន ក៏ជាបញ្ហាមីយ៉ាន់ម៉ាជាដើម៕