(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) យន្តហោះយោធាសម័យសង្រ្គាមលោកចំនួន២គ្រឿង បានបុកគ្នានៅលើផ្ទៃអាកាសហើយធ្លាក់ផ្ទុះឆេះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង កំលុងព្រឹត្តិការណ៍ពិព័រណ៍អាកាសមួយ នៅទីក្រុងដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យន្តហោះទាំងពីរគ្រឿងខាងលើ ស្ថិតក្នុងការហោះហើរជាផ្នែក នៃព្រឹត្តិការណ៍ពិព័រអាកាសចរណ៍ Wings Over Dallas Airshow ដែលមានរយៈពេល៣ថ្ងៃ សម្រាប់ទិវា វេថឺរ៉ិន ដេ (Veteran Day) ដែលប្រារព្ធឡើងដើម្បីជាការគោពដឹងគុណដល់ អតីតយុទ្ធជនអាមេរិកដែលបានពលីបម្រើជាតិមាតុភូមិ។ ឃ្លីបវីដេអូបានបង្ហាញឱ្យឃើញ យន្តហោះទាំងពីរនោះបុកគ្នាមួយទំហឹង នៅរយៈកម្ពស់មិនឆ្ងាយប៉ុន្មានឡើយពីផ្ទៃដី ហើយយន្តហោះមួយគ្រឿងដែលតូចជាង បានបែកខ្ញែកទៅជាបំណែកៗ ខណៈយន្តហោះមួយគ្រឿងដែលធំជាង បានដាច់ជាពីកំណាត់ រួចធ្លាក់ទៅបុកដីនិងផ្ទុះជាអណ្តាតភ្លើងយ៉ាង​សន្ធោសន្ធៅឡើង។

ខាងរដ្ឋបាលអាកាសចរណ៍ស៉ីវិលអាមេរិក FAA បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងបើកការស៉ើបអង្កេតជុំវិញ ឧបទ្ទវហេតុយន្តហោះបុកគ្នានេះ ខណៈមិនមានការបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់នៅលើ យន្តហោះទាំង២ នោះឡើយ។ យ៉ាងណាក្តី បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មនុស្សអាចដល់៦នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ។

គួរបញ្ជាក់ថា យន្តហោះសម័យសង្រ្គាមលោក ដែលបានបុកគ្នា គឺមួយគ្រឿងធំមានប្រភេទ ជាយន្តហោះទម្លាក់គ្រាប់បែក B-17 ដែលបានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការដណ្តើមជ័យជម្នះសង្រ្គាមតាមផ្លូវអាកាស ប្រឆាំងនឹងណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២។ ចំណែកយន្តហោះមួយគ្រឿងតូចវិញ គឺជាយន្តហោះចម្បាំងប្រភេទ P-63 ដែលត្រូវបានប្រើប្រាស់ កាលពីសម័យសង្រ្គាមនេះដូចគ្នា៕