(កង់បេរ៉ា)៖ ការិយាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានជួបសន្ទនាគ្នាមួយភ្លែត ជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang) កំលុងព្រឹត្តិការណ៍​កិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធឡើងនៅប្រទេសកម្ពុជា ខណៈវាគឺជាការជួបនិយាយគ្នាដំបូងបំផុត រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងរយៈពេល៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប៉ុន្មានថ្ងៃមកនេះ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបង្ហាញសញ្ញាថា រូបលោកត្រៀមលក្ខណៈជាស្រេច ដើម្បីជួបជាមួយសមភាគីចិន ហើយលោក អាល់បានីស បានបង្កើនសញ្ញាការទូតនេះកាន់តែខ្លាំងថែមទៀត កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយលោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកត្រៀមខ្លួនរួចហើយ ដើម្បីចាប់ផ្តើមការសន្ទនាគ្នាជាមួយភាគីចិន ដោយពុំចាំបាច់មានបុរេលក្ខខណ្ឌអ្វីទាំងអស់។

បើតាមការិយាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងកំលុងពិធីលៀងសាយភោជន៍ សម្រាប់មេដឹកនាំអាស៊ាន និងមេដឹកនាំអន្តរជាតិដទៃទៀត ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ លោក អាល់បានីស និងលោក លី បានជួបស្វាគមន៍រាក់ទាក់គ្នា ហើយជជែកគ្នាមួយភ្លែត អំពីគម្រប់ខួប៥០ឆ្នាំ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ជំនួបខ្លីខាងលើ គឺជាការជួបនិយាយគ្នាលើកដំបូងបំផុត រវាងមេដឹកនាំអូស្រ្តាលីនិងមេដឹកនាំចិន គិតចាប់តាំងពីឆ្នាំ២០១៩ មក ហើយវាក៏បង្កើននូវលទ្ធភាពនៃជំនួបទ្វេភាគីរវាង លោក អាល់បានីស និង ប្រធានាធិបតីចិន លោក ស៉ី ជីនពីង កំលុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៉ី នាសប្តាហ៍ក្រោយផងដែរ។ ចំណងទាក់ទងអូស្រ្តាលី-ចិន បានជួបភាពល្អក់កករនឹងគ្នាខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយចិនបានដាក់ទណ្ឌកម្មលើទំនិញនាំចូលពីអូស្រ្តាលី ហើយរិះគន់ធ្ងន់ៗចំពោះ ការដែលទីក្រុងកង់បេរ៉ាអំពាវនាវ ឱ្យមានការស៉ើបអង្កេតអន្តរជាតិ ជុំវិញប្រភពដើមនៃជំងឺកូវីដ១៩៕