(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង (Li Keqiang) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៣% ក្នុងរយៈពេលបីត្រីមាសកន្លងមក ហើយកំពុងមានស្ថិរភាពនៅលើ «និន្នាការកើនឡើង» ដោយសន្យាថានឹងបន្តគាំទ្រសេដ្ឋកិច្ចជាមួយនិងវិធានការគោលនយោបាយថ្មី ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក លី ខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយលោក គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំលុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក លី ក៏បានលើកឡើងផងដែរថា ចិនកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាប្រតិបត្តិការទីផ្សារការងារ និងតម្លៃស្ថិរភាព។

លោក លី បានបន្ថែមថា «បណ្តាប្រទេសនានាគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីរក្សាស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក និងទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច»

គួរបញ្ជាក់ថា ប្រទេសចិនមានបំណងរក្សាអត្រាគ្មានការងារធ្វើនៅទីក្រុងឲ្យនៅក្រោម៥.៥% និងបង្កើតការងារនៅទីក្រុងថ្មីឲ្យបានជាង១១លាននៅឆ្នាំនេះ៕