(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាថ្ងៃអាទិត្យនេះ បាននិយាយថា ភាពជោគជ័យនឹកស្មានមិនដល់ របស់គណបក្សលោក ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ជួយឱ្យលោកឆ្ពោះទៅជួបពិភាក្សាទល់មុខគ្នាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នាដើមសប្តាហ៍ក្រោយ ជាមួយជំហរកាន់តែរឹងមាំថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នាថ្ងៃសៅរ៍សប្តាហ៍នេះ លទ្ធផលបានបង្ហាញថា គណបក្សប្រជាធិបតេយ្យ រក្សាបាននូវការគ្រប់គ្រងដដែលក្នុងព្រឹទ្ធសភាអាមេរិក ស្របពេលដែលលោកស្រី ខាថឺរីន ឃ័រថេស ម៉ាស្តូ (Catherine Cortez Masto) ទទួលជ័យជម្នះក្នុងការការពារអាសនៈ នៅរដ្ឋណេវ៉ាដា (Nevada) ជាហេតុនាំឱ្យបក្សប្រជាធិបតេយ្យមាន៥០អាសនៈនៅក្នុងដៃ ដែលពួកគេត្រូវការដើម្បីគ្រប់គ្រងព្រឹទ្ធសភា ដ្បិតអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ជាអ្នកមានសិទ្ធិបោះឆ្នោតសម្រេចចុងក្រោយ ក្នុងករណីដែលការបោះឆ្នោតអនុម័តអ្វីមួយ មានសំឡេងស្មើគ្នា។

ថ្លែងនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ជាទីដែលលោកបានមកចូលរួម ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលជាមួយអាស៊ាន លោក បៃដិន បាននិយាយអំពីភាពជោគជ័យខាងលើថា លោកមានអារម្មណ៍ល្អណាស់ ហើយដឹងច្បាស់ថា លោកនឹងទៅអង្គុយពិភាក្សាទល់មុខគ្នា ជាមួយលោក ស៉ី ជីនពីង ជាមួយជំហរកាន់តែរឹងមាំ នៅពេលមេដឹកនាំទាំងពីរជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូល G20 នាដើមសប្តាហ៍ក្រោយនេះ ក្នុងប្រទេសឥណ្ឌូណេស៉ី។ វានឹងជាជំនួបទល់មុខផ្ទាល់ដំបូងបំផុត ជាមួយលោក ស៉ី គិតចាប់តាំងពីលោក បៃដិន បានឡើងកាន់អំណាចជាមេដឹកនាំអាមេរិក កាលពីដើមឆ្នាំ២០២១មក។

គួរបញ្ជាក់ថា ខណៈជ័យជម្នះបានបង្ហាញច្បាស់នៅព្រឹទ្ធសភា សម្រាប់បក្សប្រជាធិបតេយ្យ ការគ្រប់គ្រងនៅឯសភាតំណាងរាស្រ្តឯណោះវិញ គឺមិនទាន់អាចដឹងច្បាស់នៅឡើយទេ ទោះបក្សសាធារណរដ្ឋ កំពុងនាំមុខចំនួនអាសនៈក៏ដោយ ដោយសារតែការរាប់សន្លឹកឆ្នោតកំពុងបន្តនៅឡើយ នៅតាមរដ្ឋមួយចំនួន។ យ៉ាងណាក្តី ដោយព្រឹទ្ធសភាស្ថិតក្រោមការគ្រប់គ្រង របស់បក្សប្រជាធិបតេយ្យបែបនេះ លោក បៃដិន នឹងមិនចាំបាច់ត្រូវព្រួយបារម្ភអំពីការប្រើអំណាចវេតូ ដើម្បីរារាំងការព្យាយាមរបស់បក្សសាធារណរដ្ឋ ក្នុងការហាមឃាត់សិទ្ធិរំលូតកូន ឬរាំងខ្ទប់បទបញ្ជារបស់លោក ឬមួយក៏លុបចោល ចំណាត់ការអាកាសធាតុនិងសុខាភិបាល ដែលលោកបានចុះហត្ថលេខាទៅជាច្បាប់​រួចហើយនោះឡើយ៕