(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង (Li Keqiang) បានសម្តែងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួនាទីស្ថាបនាសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េក្នុងអំឡុងពេលកិច្ចពិភាក្សាខ្លីៗ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន​ ស៊ុកយុល (Yoon Suk yeol) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យុនហាប់ (Yonhap) នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆកា ឆ្នាំ២០២២។

ស្ថិតក្នុងបន្ទប់រង់ចាំ កំលុងពេលដែលអ្នកទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបី នៅក្នុងទីក្រុងភ្នំពេញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន បានសម្តែងក្តីសង្ឃឹមចំពោះការអភិវឌ្ឍន៍ទំនាក់ទំនង កូរ៉េខាងត្បូង-ចិន ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក។

បន្ទាប់មកអ្នកទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា អំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយលោក យូន បានបង្ហាញការព្រួយបារម្ភចំពោះការបង្កហេតុនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ ហើយនាយករដ្ឋមន្ត្រីចិន លោក លី ក៏បានបង្ហាញពីទស្សនៈរបស់លោក លើតម្រូវការសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ នៅឯឧបទ្វីបកូរ៉េ និងតួនាទីស្ថាបនារបស់ប្រទេសចិន សម្រាប់ការរំសាយនុយក្លេអ៊ែរ៕