(វ៉ាស៉ីនតោន)៖ បណ្តាញសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន) បានប្រកាសរួចជាស្រេចថា គណបក្សប្រជាធិបតេយ្យ នឹងបន្តរក្សាការគ្រប់គ្រងនៅក្នុងព្រឹទ្ធសភាអាមេរិកដដែល បន្ទាប់ពីលទ្ធផលបានបង្ហាញថា សមាជិកព្រឹទ្ធសភា​បក្សប្រជាធិបតេយ្យ លោកស្រី ខាថឺរីន ឃ័រថេស ម៉ាស្តូ (Catherine Cortez Masto) ជាប់ឆ្នោតសាជាថ្មី នៅរដ្ឋណេវ៉ាដា (Nevada)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ទទួលបានអាសនៈចំនួន៤៩ស្មើគ្នា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលលោក ម៉ាក ខេលី (Mark Kelly) មកពីបក្សប្រជាធិបតេយ្យ ត្រូវបានគេប្រកាសថា ទទួលជ័យជម្នះក្នុងការប្រកួតប្រជែងនៅរដ្ឋអារីហ្សូណា (Arizona)។ ដោយឡែក មកដល់ថ្ងៃសៅរ៍ បន្ទាប់ពីសន្លឹកឆ្នោតប្រមាណ៩៦ភាគរយ ត្រូវបានរាប់រួចរាល់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រួមមានទាំង CNN និង NBC ក៏ដូចជាក្រុមហ៊ុនស្ទង់មតិ Edison Research បាននាំគ្នាព្យាករថា លោកស្រី ម៉ាស្តូ គឺជាអ្នកឈ្នះ ដែលនាំអាសនៈនៅព្រឹទ្ធសភា របស់បក្សប្រជាធិបតេយ្យកើនដល់៥០។

ជ័យជម្នះរបស់លោកស្រី ម៉ាស្តូ នេះ ធានាថា គណបក្សរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងគ្រប់គ្រងយ៉ាងហោច៥០អាសនៈ នៅក្នុងព្រឹទ្ធសភាដែលមានអាសនៈសរុបចំនួន១០០។ ប្រសិនបើសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក រ៉ាហ្វាអ៊ែល វ៉ាណុក (Raphael Warnock) ទទួលបរាជ័យក្នុងការបោះឆ្នោតជុំចុងក្រោយ នៅរដ្ឋចចជៀ (Georgia) នាខែក្រោយ ដែលអាចនឹងធ្វើឱ្យគណបក្សទាំងពីរ មាន៥០អាសនៈក្នុងដៃដូចគ្នាក៏ដោយ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) មានសិទ្ធិបោះឆ្នោតសម្រេចចុងក្រោយ ក្នុងករណីដែលការបោះឆ្នោតអនុម័តសេចក្តីព្រាងណាមួយ ស្ថិតក្នុងសភាពជាប់គាំង។

គួរបញ្ជាក់ថា ដោយឡែក សម្រាប់ការគ្រប់គ្រងក្នុងសភាតំណាងរាស្រ្តវិញ មកទល់ពេលនឹងនេះ គឺនៅមិនទាន់លេចចេញលទ្ធផលច្បាស់ដដែល ពោលគឺ៤ថ្ងៃមកហើយ ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅ ខណៈការរាប់សន្លឹកឆ្នោតកំពុងបន្តនៅរដ្ឋកាលីហ្វ័រញ៉ា (California) និងរដ្ឋមួយចំនួនទៀត ដោយបក្សសាធារណៈរដ្ឋនាំមុខ ប៉ុន្តែត្រឹមប៉ុន្មានអាសនៈប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនេះ គឺផ្ទុយស្រឡះពីការរំពឹងទុករបស់បក្សសាធារណរដ្ឋ ដែលបានសង្ឃឹមថា នឹងអាចគ្រប់គ្រង​សភាអាមេរិកទាំងពីរតែម្តង ហើយទទួលបានអាសនៈច្រើនខ្លាំងជាងបក្សប្រជាធិបតេយ្យថែមទៀត៕