(តេហេរ៉ង់)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាលើបញ្ហាទ្វេភាគីសំខាន់ៗមួយចំនួន ដោយផ្តោតលើវិធីកសាងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ៃស៉ី បានស្វាគមន៍បំណងប្រាថ្នារបស់រុស្ស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយសាធារណរដ្ឋអ៊ីស្លាម ជាពិសេសការអភិវឌ្ឍន៍ខ្សែដឹកជញ្ជូន នៅក្នុងតំបន់អឺរ៉ាស៊ី (Eurasian) ដែលនឹងក្លាយទៅជាផ្លូវដ៏ទាក់ទាញមួយសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងពិភពលោក។

គូរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទនៃមេដឹកនាំរុស្ស៉ី និងអ៉ីរ៉ង់ កើតឡើងបន្ទាប់ពីមន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ី លោក នីកូឡៃ ផាតទ្រួសេវ (Nikolai Patrushev) បានជួបជាមួយមន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក អាលី សាម៉ាកានី (Ali Shamkhani) នៅទីក្រុតេហេរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយនៅពេលនោះពួកគេបានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅថាជា «ការជ្រៀតជ្រែកពីលោកខាងលិច ចំពោះកិច្ចការផ្ទៃក្នុងរបស់ពួកគេ៕