(តៃប៉ិ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា បេសកកម្មចម្បងនៅក្នុងឆាកជីវិតរបស់លោកស្រី គឺធ្វើយ៉ាងណាធានាការពារឱ្យបានថា ដែនកោះនេះនៅតែជាកម្មសិទ្ធិរបស់ប្រជាជនតៃវ៉ាន់ ហើយអត្ថិភាពរបស់​តៃវ៉ាន់ មិនមែនជាការបង្កហេតុ ឬការគំរាមកំហែងចំពោះនរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី សៃ បានថ្លែងដូចខាងលើ កំលុងព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោត ឱ្យគណបក្សរបស់លោកស្រី សម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងប្រចាំមូលដ្ឋាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា។ នាឱកាសនោះលោកស្រីប្រធានាធិបតីតៃវ៉ាន់ បានប្រកាសថា លោកស្រីមិនបានចុះចាញ់ចំពោះ សំណើ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដែលផ្តល់សិទ្ធិស្វ័យភាពឱ្យតៃវ៉ាន់ ប៉ុន្តែត្រូវស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសចិននោះឡើយ ហើយលោកស្រីបន្តថា នៅក្រោមការដឹកនាំរបស់លោកស្រី បណ្តាប្រទេសកាន់តែច្រើនឡើងនាំគ្នាចាត់ទុក ប្រជាធិបតេយ្យនិងសន្តិសុខរបស់តៃវ៉ាន់ គឺជាកូនសោគន្លឹះមួយសម្រាប់សន្តិភាព។

លោកស្រី សៃ បានបន្តដូច្នេះថា «ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា អត្ថិភាពរបស់តៃវ៉ាន់ ហើយនិងការជម្នះចង់បានសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ គឺជាមិនមែនជា ការបង្ករឿងចំពោះនរណាម្នាក់នោះឡើយ។ ក្នុងនាមជាប្រធានាធិបតី គោលដៅចម្បងរបស់ខ្ញុំ គឺប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាការពារកោះតៃវ៉ាន់ ឱ្យនៅតែជាកម្មសិទ្ធិរបស់ប្រជាជនតៃវ៉ាន់ដដែល»

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ កាលពីដើមខែសីហាមក ចិនបានបន្តសកម្មភាពយោធារបស់ខ្លួនជាប់ នៅក្បែរកោះតៃវ៉ាន់ រួមមានទាំងការចល័តយន្តហោះយោធាជាប្រចាំ ឱ្យឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន នៅច្រកសមុទ្រតៃវ៉ាន់។ ដោយឡែក នៅដើមសប្តាហ៍ក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងត្រូវជួបមុខគ្នា​ទល់មុខផ្ទាល់ជាលើកដំបូងផងដែរ ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៉ី៕