(រីយ៉ាដ)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបង្ហើបឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ការរឹតបន្តឹងចំណង​ទាក់ទងផ្នែកសេដ្ឋកិច្ច រួមទាំងបញ្ហាសន្តិសុខក្នុងតំបន់ នឹងជាប្រធានបទចម្បង នៅក្នុងការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ទៅកាន់ព្រះរាជាណាចក្រអារ៉ាប់មួយនេះ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៉ី ជិនពីង ត្រូវគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខែធ្នូខាងមុខនេះ ហើយលោកនឹងចូលរួមកិច្ចប្រជុំកំពូល រវាងចិននិងបណ្តាប្រទេសឈូងសមុទ្រពែក្ស ជាមួយមេដឹកនាំនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស ហៅកាត់ថា GCC ដែលមានសមាជិក៦ប្រទេស។

នៅពេលក្រុមអ្នកសារព័ត៌មានសួរនាំអំពី របៀបវារៈសំខាន់ៗ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន លោក អាឌែល អាល់ ជូបៀរ (Adel Al-Jubeir) ដែលជាមន្រ្តីជាន់ខ្ពស់មួយរូប សម្រាប់កិច្ចការបរទេសរបស់អារ៉ាប៊ីសាអូឌីត បានឆ្លើយតបយ៉ាងដូច្នេះថា «យើងសម្លឹងមើល​លើ អ្វីៗដែលយើងយកចិត្តទុកដាក់ ដូចជាស្ថិរភាពនិងសន្តិសុខក្នុងតំបន់និងពិភពលោក ព្រមទាំងមធ្យោបាយដើម្បីបង្កើនបន្ថែមទៀតនូវ លំហូរពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរជាដើម»

លោក អាល់ ជូបៀរ បានបន្តទៀតថា ទស្សនកិច្ចរវាងមេដឹកនាំចិននិងអារ៉ាប៊ីសាអូឌីត គឺជារឿងធម្មតា ដ្បិតចិនជាដៃគូពាណិជ្ជកម្មធំបំផុត របស់អារ៉ាប៊ីសាអូឌីត ខណៈអារ៉ាប៊ីសាអូឌីតមានការវិនិយោគធំ នៅប្រទេសចិន ហើយចិនវិញក៏មានការវិនិយោគធំ នៅអារ៉ាប៊ីសាអូឌីត​ដូចគ្នា ពោលគឺវាមិនខុសអ្វីទៅនឹងដៃគូពាណិជ្ជកម្ម ឬដៃគូយុទ្ធសាស្រ្តដទៃទៀតរបស់ទីក្រុងរីយ៉ាដនោះឡើយ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម។

គួរបញ្ជាក់ថា គម្រោងទស្សនកិច្ចរបស់លោក ស៉ី ជិនពីង ទៅកាន់អារ៉ាប៊ីសាអូឌីត គឺនឹងកើតឡើង ក្នុងគ្រាដែលទំនាក់ទំនងរវាង ទីក្រុងរីយ៉ាដហើយនិងទីក្រុងវ៉ាស៉ីនតោន បានធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែការខ្វែងគំនិតគ្នាជុំវិញបញ្ហាផ្គត់ផ្គង់ប្រេង និងចំពោះមុខ​ក្តីបារម្ភរបស់អាមេរិក ជុំវិញការរីកកាន់តែធំឡើងនៃកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្ស និងចិន៕